ខេត្តកំពង់ស្ពឺ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានបើកប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងចំនួន ០៥នាក់ ដែលជិះម៉ូតូដេញកាប់គ្នាយ៉ាងអនាធិបតេយ្យ នៅតាមបណ្តោយផ្លូវជាតិលេខ ៤៤ ភូមិកាប់ទូក សង្កាត់ច្បារមន ក្រុងច្បារមន។

ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋឈ្មោះ យ៉ុង ឡេង អាយុ ២០ឆ្នាំ ថាកាលពីវេលាម៉ោង ០៣:២៦ ទៀបភ្លឺ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ មានជនសង្ស័យប្រមាណ ០៦នាក់ ជិះម៉ូតូ ០៣គ្រឿង កាន់កាំបិតផ្កាក់ដេញកាប់ក្រុមរបស់គាត់។
នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញបានសហការជាមួយមូលដ្ឋានក្រុងច្បារមន ស្រាវជ្រាវកំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជាបន្តបន្ទាប់៖
- វេលា ១៣:២១ ឃាត់ខ្លួន ហាក់ ដាវី (អាយុ ១៥ឆ្នាំ) នៅភូមិបូរីកម្មករ
- វេលា ១៣:៥៤ ឃាត់ខ្លួន សំ ពេជ្រ (អាយុ ២២ឆ្នាំ) នៅភូមិថ្មី
- វេលា ១៥:១៤ ឃាត់ខ្លួន សុខុន សិរីសុភ័ក្រ្ភ (អាយុ ១៦ឆ្នាំ) នៅភូមិខោប
- វេលា ១៦:០៩ ឃាត់ខ្លួន រស់ តុលា (អាយុ ២៥ឆ្នាំ) នៅភូមិសំណង់
- វេលា ១៦:៣៩ ឃាត់ខ្លួន មុី បូរិន្ទ (អាយុ ១៦ឆ្នាំ) នៅទួលគក
វត្ថុតាងចាប់បានរួមមាន ម៉ូតូ ០២គ្រឿង និងកាំបិតផ្កាក់ ០២ដើម។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីកសាងនីតិវិធីបន្ត។
