ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២៦ លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំសម្របសម្រួលជូនដល់ប្រធានបេសកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ក្នុងអាណត្តិហ្វីលីពីនធ្វើជាប្រធានដឹកនាំ ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅចំណុចភូមិអាងសិលា ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា តំបន់នេះជាទីតាំងដែលយោធាថៃបានលួចដាំបង្គោលថ្មីៗ រំលោភចូលដែនអធិបតេយ្យភាពរបស់កម្ពុជាបន្ថែមទៀត ដែលជាការប្រឆាំងនឹងកិច្ចព្រមព្រៀងទ្វេភាគី និងច្បាប់អន្តរជាតិ។

ជាមួយគ្នានេះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ក៏បានបន្តដំណើរទៅកាន់ ភូមិជោគជ័យ ដែលជាទីតាំងយោធាថៃបានដាក់កុងតឺន័រ និងរាយបន្លាលួសហ៊ុំព័ទ្ធដោយខុសច្បាប់ បន្តគ្រប់គ្រងដោយល្មើសនឹងបទដ្ឋានគតិយុត្តិអន្តរជាតិ និងកិច្ចព្រមព្រៀងសន្តិភាពដែលកំពុងជាធរមាន។

បញ្ហានេះបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋកម្ពុជាមិនអាចចូលទៅរស់នៅក្នុងតំបន់នោះវិញបានរហូតមកទល់បច្ចុប្បន្ន ដោយសារតែការត្រួតត្រាដោយខុសច្បាប់របស់យោធាថៃ។ ការចុះសង្កេតការណ៍នាពេលនេះគឺដើម្បីប្រមូលភស្តុតាងជាក់ស្តែង និងរាយការណ៍ទៅកាន់អាស៊ាន ដើម្បីរកដំណោះស្រាយប្រកបដោយយុត្តិធម៌៕
ដោយ៖ សិលា
