មេហេសបូឡាប្រកាសថា ការចរចាផ្ទាល់ជាមួយអ៊ីស្រាអែលជា “អំពើបាប” ក្រោយទម្លាក់គ្រាប់សម្លាប់ជនស៊ីវិល

មេហេសបូឡាប្រកាសថា ការចរចាផ្ទាល់ជាមួយអ៊ីស្រាអែលជា “អំពើបាប” ក្រោយទម្លាក់គ្រាប់សម្លាប់ជនស៊ីវិល

ក្រុមហេសបូឡាលីបង់ បានចេញមុខប្រកាសជាសាធារណៈដោយដាក់ឈ្មោះថា ការចរចាដោយផ្ទាល់ជាមួយអ៊ីស្រាអែល គឺជា «អំពើបាបដ៏សែនធ្ងន់» បន្ទាប់ពីក្រុមនេះចោទប្រកាន់អ៊ីស្រាអែលថា បានរំលោភបទឈប់បាញ់ម្តងហើយម្តងទៀត។

ការទម្លាក់គ្រាប់បែកនៅលីបង់
រូបភាពពីការវាយប្រហារនៅលីបង់ (រូប៖ Reuters)

ក្នុងសេចក្តីថ្លែងការណ៍ ផ្សាយដោយសារព័ត៌មាន Asharq Al-Awsat នៅថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២៦ លោក Naim Qassem មេក្រុមហេសបូឡា បានច្រានចោលការចរចាជាមួយភាគីអ៊ីស្រាអែលទាំងស្រុង។ លោកអះអាងយ៉ាងម៉ឺងម៉ាត់ថា៖ «យើងបដិសេធដាច់ខាត ចំពោះការចរចាដោយផ្ទាល់ជាមួយអ៊ីស្រាអែល ហើយអ្នកកាន់អំណាចគួរដឹងថា សកម្មភាពរបស់ពួកគេ នឹងមិនផ្តល់ផលប្រយោជន៍ដល់លីបង់ ឬដល់ខ្លួនពួកគេឡើយ»។

តំបន់រងការវាយប្រហារ
ទិដ្ឋភាពតំបន់រងការទម្លាក់គ្រាប់ (រូប៖ Reuters)

ទន្ទឹមនោះដែរ លោកបញ្ជាក់យ៉ាងច្បាស់ថា៖ «ទោះសត្រូវគំរាមកំហែងខ្លាំងប៉ុនណាក៏ដោយ ក៏យើងមិនដកថយឡើយ ហើយយើងមិនឱនក្បាលដាច់ខាត ក៏មិនទទួលបរាជ័យដែរ។ ពិតណាស់! ការចរចាជាមួយអ៊ីស្រាអែល គឺជាអំពើបាបដ៏ធ្ងន់ ដែលនឹងធ្វើឲ្យប្រទេសលីបង់ បាត់បង់ស្ថិរភាព»។

សេចក្តីប្រកាសដ៏តឹងតែងនេះ កើតឡើងបន្ទាប់ពីក្រុមហេសបូឡាចោទថា អ៊ីស្រាអែលបានរំលោភបទឈប់បាញ់ តាមរយៈការវាយប្រហារយ៉ាងហឹង្សា ដែលបណ្តាលឲ្យមនុស្សស្លាប់ ១៤នាក់ និងរបួស ៣៧នាក់ កាលពីចុងសប្តាហ៍។ តាមការឲ្យដឹងពីក្រសួងសុខាភិបាលលីបង់ ក្នុងចំណោមអ្នកស្លាប់និងរបួស ក៏មានស្ត្រីនិងកុមារតូចៗផងដែរ។

គួរបញ្ជាក់ថា បទឈប់បាញ់អ៊ីស្រាអែល-លីបង់ ចាប់អនុវត្តនៅថ្ងៃទី១៦ ខែមេសា ក្រោមការសម្របសម្រួលពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយលោកបង្ហាញក្ដីសង្ឃឹមថា បទឈប់បាញ់នេះ គឺជា «ជំហានដ៏សំខាន់» ឈានឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពកាន់តែធំជាមួយអ៊ីរ៉ង់ និងទប់ស្កាត់សង្គ្រាមតំបន់។ ក្រោយមក ប្រមុខសេតវិមានក៏ប្រកាសបន្តបទឈប់បាញ់រយៈពេល១០ថ្ងៃទៀត ប៉ុន្តែទាំងអ៊ីស្រាអែល និងក្រុមហេសបូឡា សុទ្ធតែចោទដាក់គ្នាថា រំលោភបំពាន៕

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles