ទោះបីជាកម្ពុជាសម្រេចបានសមិទ្ធផលជាច្រើនក្នុងការគ្រប់គ្រងថ្នាំជក់ក៏ដោយ ក៏នៅតែមានអ្នកប្រើប្រាស់ថ្នាំជក់រហូតដល់ ១,៦លាននាក់ ដែលជាបញ្ហាប្រឈមដែលតម្រូវឱ្យមានវិធានការបន្ថែមទៀត។

លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ ដើម្បីពិនិត្យវឌ្ឍនភាព និងកំណត់អាទិភាពសម្រាប់ជំហានបន្ត។ ក្រសួងបានអះអាងថា ការកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ ការពារប្រជាជនពីផ្សែងថ្នាំជក់ បង្ក្រាបផលិតផលខុសច្បាប់ និងទប់ស្កាត់បារីអេឡិចត្រូនិក គឺជាកិច្ចការបន្តធ្វើ។

ប្រភពដដែលបានបន្ថែមថា កម្ពុជាបានសម្រេចសមិទ្ធផលសំខាន់ៗជាច្រើន តាមក្របខណ្ឌអនុសញ្ញា WHO FCTC និងកញ្ចប់អន្តរាគមន៍ MPOWER រួមមាន ការបោះពុម្ពសារអប់រំសុខភាពលើកញ្ចប់ថ្នាំជក់ ការហាមជក់នៅកន្លែងធ្វើការ និងកន្លែងសាធារណៈ និងការហាមផ្សព្វផ្សាយពាណិជ្ជកម្ម។ ទោះយ៉ាងណា កម្ពុជានៅតែមានអ្នកជក់បារីច្រើន ដែលទាមទារឱ្យបន្តមានយន្តការសមស្របជាប់លាប់ និងមានប្រសិទ្ធភាព។

