រាជរដ្ឋាភិបាល ពិចារណារូបមន្ត២ សម្រាប់អនុវត្តច្បាប់កាតព្វកិច្ចយោធាថ្មី

រាជរដ្ឋាភិបាល ពិចារណារូបមន្ត២ សម្រាប់អនុវត្តច្បាប់កាតព្វកិច្ចយោធាថ្មី

រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកំពុងពិចារណាក្នុងការអនុវត្តច្បាប់កាតព្វកិច្ចយោធាថ្មី ដោយការប្រើរូបមន្តស្ម័គ្រចិត្ត ឬចាប់បង្ខំ ខណៈដែលសេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រី ហើយកំពុងបញ្ជូនទៅកាន់រដ្ឋសភា។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា មានរូបមន្ត២គឺ រូបមន្តស្ម័គ្រចិត្ត និងរូបមន្តបង្ខំ។

សម្តេចហ៊ុន ម៉ាណែត ថ្លែងក្នុងពិធី

សម្តេចបានបញ្ជាក់បន្តថា ក្នុងករណីដែលធ្វើការជ្រើសរើសដោយស្ម័គ្រចិត្ត នៅតែមិនគ្រប់គ្រាន់សម្រាប់តម្រូវការកងទ័ព នោះនីតិវិធីទី២ គឺការអនុវត្តដោយចាប់បង្ខំ នឹងត្រូវយកមកប្រើប្រាស់វិញម្តង។ បើតាមសម្តេចធិបតី ក្នុង១ឆ្នាំៗ នៅកម្ពុជាមានពលរដ្ឋប្រមាណជាង៣០ម៉ឺនគ្រប់អាយុ១៨ឆ្នាំ ហើយយុវជនដែលជ្រើសរើសឱ្យហ្វឹកហាត់ មិនអាចរើសយកម្តងទាំងអស់បានទេ ព្រោះការធ្វើបែបនេះអាចឱ្យរដ្ឋចំណាយលុយច្រើន និងមិនមានកន្លែងសម្រាប់យុវជនដេកហាត់រៀនថែមទៀត។

សេចក្តីព្រាងច្បាប់កាតព្វកិច្ចយោធា

សម្តេចធិបតីបានបញ្ជាក់អំពីសារសំខាន់នៃការអនុវត្តច្បាប់កាតព្វកិច្ចយោធា ដោយបញ្ហានេះមិនមែនធ្វើដើម្បីពង្រឹងតែវិស័យការពារជាតិនោះទេ វាបានផលទៅដល់សង្គមជាតិយើងផងដែរ។ សម្តេចបានថ្លែងថា យុវជនទទួលបានការហ្វឹកហាត់អំពីសីលធម៌ និងវិន័យ នៅក្នុងជួរកងទ័ពរយៈពេល២ឆ្នាំ នឹងចេញទៅវិញក្លាយទៅជាមនុស្សល្អ មានសីលធម៌ និងវិន័យ ដែលចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយបញ្ហាសង្គមផងដែរ។

ពាក់ព័ន្ធនឹងយុវជនដែលស្ម័គ្រចិត្តបំពេញកាតព្វកិច្ចយោធា ខណៈដែលពួកគេមានការងារនៅខាងក្រៅនោះ សម្តេចបានជំរុញឱ្យថៅកែ និយោជក រក្សាការងាររបស់គាត់ រួមទាំងអត្ថប្រយោជន៍ផ្សេងៗ ឱ្យនៅដដែល។ យោងតាមសេចក្តីព្រាងច្បាប់កាតព្វកិច្ចយោធា បានឱ្យដឹងថា យុវជនប្រុស ស្រីចាប់ពីអាយុ១៨ ដល់២៥ឆ្នាំ នឹងត្រូវជាប់កាតព្វកិច្ចយោធា ដោយក្នុងនោះ ការអនុវត្តសម្រាប់ស្ត្រីត្រូវតែធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត ដោយមិនមានការបង្ខិតបង្ខំឡើយ។

administrator

Related Articles