ភ្ញាក់ផ្អើល! កសិករមណ្ឌលគិរីដាំការ៉ុតសុវត្ថិភាព ទទួលបានទិន្នផលលើសការរំពឹងទុកដល់ទៅ ២៥%

ភ្ញាក់ផ្អើល! កសិករមណ្ឌលគិរីដាំការ៉ុតសុវត្ថិភាព ទទួលបានទិន្នផលលើសការរំពឹងទុកដល់ទៅ ២៥%

ខេត្តមណ្ឌលគិរី ៖ ដំណាំការ៉ុតដែលជាបន្លែសុវត្ថិភាព កំពុងបង្ហាញសក្តានុពលខ្លាំងនៅខេត្តមណ្ឌលគិរី ខណៈតម្រូវការទីផ្សារមានការកើនឡើងខ្ពស់។ ជាក់ស្តែង នៅចុងខែមេសា ឆ្នាំ២០២៦នេះ កសិករគំរូមួយរូបបានសប្បាយរីករាយចំពោះទិន្នផលការ៉ុតដែលទទួលបានពីការដាំដុះតាមលក្ខណៈបច្ចេកទេស។

ការ៉ុតសុវត្ថិភាព

លោក ឡុង នី ជាកសិករដាំបន្លែនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ បានឱ្យដឹងថា ដោយសង្កេតឃើញទីផ្សារការ៉ុតក្នុងខេត្តនៅមានកង្វះខាត លោកបានសម្រេចចិត្តដាំសាកល្បង និងធ្វើការពិសោធន៍នៅក្នុងបរិវេណមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក្រោមការអនុញ្ញាតពីលោកបណ្ឌិត សុង ឃាង ប្រធានមន្ទីរកសិកម្មខេត្ត។

កសិករកំពុងថែទាំការ៉ុត

ក្រោយការដាំដុះរយៈពេលជាង ៣ខែ លទ្ធផលទទួលបានគួរឱ្យកត់សម្គាល់ដោយ បរិមាណ ២,៥ គីឡូក្រាមក្នុង ១ម៉ែត្រការ៉េ (លើសពីការរំពឹងទុកដំបូងដែលស្មានថាបានត្រឹម ២ គីឡូក្រាម)។ ជោគជ័យនេះកើតចេញពីការជ្រើសរើសពូជបានត្រឹមត្រូវ ការប្រើប្រាស់ធាតុចូលតាមបច្ចេកទេស និងការណែនាំយ៉ាងយកចិត្តទុកដាក់ពីមន្ត្រីជំនាញ។

ទិន្នផលការ៉ុត

កសិករដដែលបន្តថា ការដាំការ៉ុតទាមទារការអត់ធ្មត់ និងការយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសត្វល្អិត និងជំងឺ ប៉ុន្តែបើធ្វើតាមបច្ចេកទេសត្រឹមត្រូវ វានឹងផ្តល់ទិន្នផលដែលយើងចង់បាន។

ចម្ការការ៉ុត

លោកបានបន្តថា បច្ចុប្បន្នការ៉ុតសុវត្ថិភាពរបស់លោកមិនទាន់អាចផ្គត់ផ្គង់បានគ្រាន់តាមតម្រូវការទីផ្សារនៅឡើយទេ ជាពិសេសគឺការនាំចេញទៅកាន់ផ្សារទំនើបនានានៅរាជធានីភ្នំពេញដែលមានកិច្ចសន្យាប្រមូលទិញស្រាប់។

ការប្រមូលផលការ៉ុត

តាមរយៈបទពិសោធន៍ជោគជ័យនេះ លោក ឡុង នី មានបំណងចែករំលែក និងផ្សព្វផ្សាយចំណេះដឹងផ្នែកបច្ចេកទេសនេះទៅកាន់កសិករដទៃទៀត ដើម្បីជំរុញការដាំដុះបន្លែសុវត្ថិភាពឱ្យកាន់តែរីកចម្រើន និងបង្កើនចំណូលគ្រួសារសម្រាប់កសិករក្នុងតំបន់ផងដែរ។

ការ៉ុតសរីរាង្គ

អត្ថបទសរសេរដោយ៖ សាយ ករុណា | កែសម្រួលដោយ៖ ធីតា

administrator

Related Articles