អឺរ៉ុបកំពុងប្រឈមមុខនឹងការពិតដ៏លំបាកមួយ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បន្តសាបព្រោះការសង្ស័យលើភាពរឹងមាំរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ)។ ទោះបីជាលោក ត្រាំ មិនអាចដកសហរដ្ឋអាមេរិកចេញពីសម្ព័ន្ធភាពនេះដោយគ្មានការយល់ព្រមពីសភាក៏ដោយ ក៏ភាពមិនអាចទាយទុកជាមុនរបស់លោកបានធ្វើឲ្យមហាអំណាចអឺរ៉ុបចាប់ផ្តើមគិតឡើងវិញអំពីការការពារខ្លួន។

ប្រសិនបើរុស្ស៊ីវាយប្រហារសមាជិកណាតូណាម្នាក់ គេមិនអាចដឹងច្បាស់ថាតើទីក្រុងវ៉ាស៊ីនតោននឹងធ្វើសកម្មភាពឬយ៉ាងណានោះទេ។ ការសង្ស័យនេះបង្ខំឲ្យមេដឹកនាំអឺរ៉ុបគិតឡើងវិញអំពីឥរិយាបថសន្តិសុខផ្ទាល់ខ្លួន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក។

យោងតាមសារព័ត៌មានរ៉យទ័រ ចម្លើយដ៏ជាក់ស្តែងមួយគឺការបញ្ចូលការពាររបស់បណ្តាប្រទេសអឺរ៉ុបរួមគ្នា តាមរយៈការប្រមូលផ្តុំធនធាន មិនថាកងកម្លាំងប្រតិកម្មរហ័ស ការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ ឬការទប់ស្កាត់នុយក្លេអ៊ែរដឹកនាំដោយបារាំង និងអង់គ្លេស។

ទោះបីជាការធ្វើសមាហរណកម្មការពារជាតិពេញលេញនៅទូទាំងសហភាពអឺរ៉ុបនៅតែពិបាកសម្រេចបានទាំងផ្នែកនយោបាយ និងការអនុវត្តជាក់ស្តែងក៏ដោយ ក៏អឺរ៉ុបមិនមែនជាអ្នកគ្មានអំណាចនោះទេ។ ការតាំងចិត្ត និងភាពច្នៃប្រឌិត នឹងក្លាយជាគន្លឹះក្នុងការការពារទ្វីបអឺរ៉ុបនៅក្នុងយុគសម័យថ្មីនៃហានិភ័យភូមិសាស្ត្រនយោបាយបច្ចុប្បន្ន។
