កម្ពុជានាំចេញទៅ EU សម្រេចបានជាង ១,១ ពាន់លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៦

កម្ពុជានាំចេញទៅ EU សម្រេចបានជាង ១,១ ពាន់លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៦

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា កម្ពុជានាំចេញទៅកាន់សហភាពអឺរ៉ុប (EU) សម្រេចបានជាង ១,១ ពាន់លានដុល្លារ ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ កើនឡើង ៨,៣២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

គិតចាប់ពីខែមករា ដល់ខែមីនា ២០២៦ ការដោះដូរទំនិញរវាងកម្ពុជា និង EU មានទំហំ ១,៣៧ ពាន់លានដុល្លារ កើនឡើង ៧,៨០%។ ក្នុងនោះ កម្ពុជានាំចេញបានជាង ១,១៩ ពាន់លានដុល្លារ ខណៈ EU នាំចូលមកវិញ ១៧៥ លានដុល្លារ។

ពាណិជ្ជកម្មកម្ពុជា-អឺរ៉ុប

ទីផ្សារនាំចេញសំខាន់ៗរបស់កម្ពុជារួមមាន បែលហ្ស៊ិក បារាំង អាល្លឺម៉ង់ ហូឡង់ និងអេស្ប៉ាញ ដោយទំនិញសំខាន់ៗមានដូចជា សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរជាដើម។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា កំណើនពាណិជ្ជកម្មនេះបង្ហាញថា កម្ពុជានៅបន្តរក្សាទីផ្សារសំខាន់ៗបាន ព្រមទាំងពង្រឹងជំនឿចិត្តពីអ្នកបញ្ជាទិញ និងខ្សែច្រវាក់ផ្គត់ផ្គង់សកល។

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងសម្រេចបាន ៤,៥% នៅឆ្នាំ២០២៦ ដោយវិស័យកម្មន្តសាលនៅតែជាក្បាលម៉ាស៊ីនសំខាន់ ដែលទិន្នផលឧស្សាហកម្មត្រូវបានរំពឹងថានឹងកើនឡើង ៧,៣% រួមមានគ្រឿងបង្គុំអគ្គិសនី សំបកកង់ និងគ្រឿងសង្ហារឹម។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ ការដោះដូរទំនិញរវាងកម្ពុជា និង EU មានទំហំ ៥,៨៧ ពាន់លានដុល្លារ កើន ១០,២០% បើធៀបនឹងឆ្នាំ២០២៤។

administrator

Related Articles