ឥណ្ឌូណេស៊ីប្រកាសជំហរច្បាស់លាស់ គ្មានដាក់ពន្ធកប៉ាល់ឆ្លងកាត់ច្រកសមុទ្រម៉ាឡាកា

ឥណ្ឌូណេស៊ីប្រកាសជំហរច្បាស់លាស់ គ្មានដាក់ពន្ធកប៉ាល់ឆ្លងកាត់ច្រកសមុទ្រម៉ាឡាកា

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ី លោក Purbaya Yudhi Sadewa បានបញ្ជាក់ជាថ្មីកាលពីថ្ងៃសុក្រសប្តាហ៍មុនថា ឥណ្ឌូណេស៊ីគ្មានគម្រោងដាក់ពន្ធលើកប៉ាល់ដែលឆ្លងកាត់ច្រកសមុទ្រម៉ាឡាកាឡើយ ក្រោយពីការលើកឡើងពីមុនបានបង្កការភ្ញាក់ផ្អើលដល់សហគមន៍អន្តរជាតិ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ច្រកសមុទ្រម៉ាឡាកា

លោក Purbaya បាននិយាយយ៉ាងដូច្នេះ ដោយបន្ទរពីលើការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងការបរទេសកាលពីថ្ងៃព្រហស្បតិ៍។ លោកបានប្រាប់សន្និសីទសារព័ត៌មានថា ឥណ្ឌូណេស៊ីនឹងគោរពតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដែលគូសបញ្ជាក់ពីច្បាប់គ្រប់គ្រងផ្លូវទឹកសម្រាប់ការធ្វើនាវាចរណ៍អន្តរជាតិ។

កាលពីថ្ងៃពុធ លោក Purbaya បានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយនិយាយថា ឥណ្ឌូណេស៊ីបានស្នើដាក់ពន្ធលើនាវាដឹកទំនិញកាត់តាមច្រកម៉ាឡាកា ខណៈរដ្ឋាភិបាលកំពុងស្វែងរកចំណូលបន្ថែមពីផ្លូវទឹកយុទ្ធសាស្ត្រនេះ។ លោកថា សំណើនេះស្របនឹងការណែនាំរបស់ប្រធានាធិបតី ប្រាបូវូ ស៊ូប៊ីយ៉ានតូ ដើម្បីធ្វើឱ្យប្រទេសខ្លួនក្លាយជាតួអង្គស្នូលក្នុងពាណិជ្ជកម្មសកល។

ផ្លូវទឹកយុទ្ធសាស្ត្រ

ច្រកសមុទ្រម៉ាឡាកា ដែលមានព្រំប្រទល់ជាប់ និងគ្រប់គ្រងដោយឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងសិង្ហបុរី គឺជាសរសៃឈាមដ៏សំខាន់សម្រាប់ពាណិជ្ជកម្មសកល ដែលភ្ជាប់មហាសមុទ្រឥណ្ឌា និងមហាសមុទ្រប៉ាស៊ីហ្វិក។ ទោះបីជាបានបញ្ជាក់ថាផែនការនេះមិនអាចទៅរួចក៏ដោយ ការអះអាងរបស់លោក Purbaya កាលពីថ្ងៃពុធ ធ្វើឡើងចំពេលដែលពិភពលោកព្រួយបារម្ភពីការបិទច្រកសមុទ្រហ័រមូហ្ស ដែលបង្កការរំខានយ៉ាងខ្លាំងដល់លំហូរប្រេងឆៅពីតំបន់មជ្ឈិមបូព៌ា។

ទិន្នន័យពីនាយកដ្ឋានសមុទ្រម៉ាឡេស៊ីបានបង្ហាញថា នៅឆ្នាំ ២០២៥ កប៉ាល់ជាង ១០២ ៥០០ គ្រឿង ដែលភាគច្រើនជាកប៉ាល់ពាណិជ្ជកម្ម បានឆ្លងកាត់ច្រកសមុទ្រម៉ាឡាកា កើនឡើងពីត្រឹម ៩៤ ៣០០ គ្រឿង នៅឆ្នាំ ២០២៤។ នេះបង្ហាញពីសារៈសំខាន់នៃច្រកសមុទ្រនេះសម្រាប់សេដ្ឋកិច្ចពិភពលោក៕

administrator

Related Articles