ទីក្រុងស្តុកហូម៖ ការចំណាយលើវិស័យការពារជាតិទូទាំងពិភពលោកបានកើនឡើង ២,៩% ក្នុងឆ្នាំ២០២៥ បើទោះបីជាអាមេរិកកាត់បន្ថយការចំណាយយោធារបស់ខ្លួន ៧,៥% ក៏ដោយ ដោយសារលោក ដូណាល់ ត្រាំ បានផ្អាកជំនួយយោធាសម្រាប់អ៊ុយក្រែន។ នេះបើតាមរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវអំពីសន្តិភាពនៅទីក្រុងស្តុកហូម ប្រទេសស៊ុយអែត។

ខ្ទង់ចំណាយសរុបទូទាំងសាកលលោកកើនឡើងដល់ ២,៨៩ ទ្រីលានដុល្លារ កាលពីឆ្នាំ២០២៥ ដែលជាការកើនឡើងរយៈពេល ១១ ឆ្នាំជាប់គ្នា និងស្មើនឹង ២,៥% នៃផលិតផលសរុបក្នុងស្រុក (GDP) ដែលជាអត្រាខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០០៩។ ប្រទេសដែលចំណាយលើវិស័យយោធាច្រើនជាងគេលើលោកគឺ អាមេរិក ចិន និងរុស្ស៊ី។

របាយការណ៍បន្តថា ដោយសារពិភពលោកជួបប្រទះនឹងវិបត្តិកាន់តែខ្លាំង គួបផ្សំនឹងការដាក់គោលដៅចំណាយលើវិស័យយោធារយៈពេលវែងរបស់ប្រទេសជាច្រើន គេគិតថាខ្ទង់ចំណាយនេះទំនងជាបន្តកើនឡើងនៅឆ្នាំ២០២៦ និងឆ្នាំក្រោយៗទៀត។ គ្រាន់តែប្រទេសទាំងបីគឺ អាមេរិក ចិន និងរុស្ស៊ី បូកបញ្ចូលគ្នាចំណាយ ១,៤៨ ទ្រីលានដុល្លារ ស្មើនឹង ៥១% នៃខ្ទង់ចំណាយសរុបទូទាំងសាកលលោក។

ខ្ទង់ចំណាយរបស់អាមេរិកលើវិស័យយោធាថយចុះមកនៅ ៩៥៤ ពាន់លានដុល្លារ ដោយសារមិនបានផ្តល់ជំនួយហិរញ្ញវត្ថុសម្រាប់ទិញអាវុធឱ្យអ៊ុយក្រែន។ ក្នុងរយៈពេលបីឆ្នាំមុន អាមេរិកបានចំណាយសរុប ១២៧ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន។ ទោះជាយ៉ាងណា របាយការណ៍យល់ថាការកាត់បន្ថយនេះគ្រាន់តែជារយៈពេលខ្លីប៉ុណ្ណោះ៕
