តម្លៃប្រេងអន្តរជាតិបានបន្តកើនឡើងជាបន្តបន្ទាប់នៅលើទីផ្សារអាស៊ី នាព្រឹកថ្ងៃអង្គារ (២៨ មេសា) នេះ ដោយសារតែកិច្ចចរចាសន្តិភាពរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់នៅតែជាប់គាំង ធ្វើឱ្យការបិទខ្ទប់ច្រកហ័រមូហ្សនៅតែបន្ត ប៉ះពាល់ដល់លំហូរប្រេងចេញពីតំបន់មជ្ឈិមបូព៌ា។
តម្លៃប្រេងឆៅម៉ាក Brent បានកើនឡើង ៤៥សេន ឬ ០,៤% ដល់ ១០៨,៦៨ដុល្លារ/បារ៉ែល ខណៈប្រេង WTI កើន ៥៨សេន ឬ ០,៦% ដល់ ៩៦,៩៦ដុល្លារ/បារ៉ែល។
អ្នកជំនាញទីផ្សារបានគូសភ្ជាប់កំណើននេះទៅនឹងភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់។ មន្ត្រីអាមេរិកបានឱ្យដឹងថា លោកប្រធានាធិបតីដូណាល់ ត្រាំ មិនពេញចិត្តនឹងសំណើចុងក្រោយរបស់អ៊ីរ៉ង់ទេ។
ការវិវត្តនេះបង្ហាញថា ដំណើរឆ្ពោះទៅរកសន្តិភាពកំពុងជាប់គាំង ខណៈអ៊ីរ៉ង់បន្តបិទខ្ទប់នាវាចរណ៍កាត់តាមច្រកហ័រមូហ្ស ដែលដឹកជញ្ជូនប្រេងនិងឧស្ម័ន ២០% នៃតម្រូវការពិភពលោក។
