ភ្នំពេញ៖ កើតហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ នៅរាជធានីភ្នំពេញ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ បន្ទាប់ពីជិះម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តតាក់ស៊ី WOW NOW ពីក្រោយយ៉ាងពេញទំហឹង។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ៩:៣០ យប់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវ៦០ម៉ែត្រ ត្រង់គល់ស្ពានមរតកតេជោ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តតាក់ស៊ី WOW NOW ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2CF-5835 បើកបរទិសដៅពីលិចទៅកើត ខណៈម៉ូតូម៉ាកកាហ្វេ ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះដោយបុរសម្នាក់ធ្វើដំណើរស្របទិសក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកពីក្រោយរថយន្តយ៉ាងពេញទំហឹង។

កម្លាំងនៃការបុកបណ្តាលឲ្យបុរសរងគ្រោះប៉ើងឡើងទៅជាប់លើដំបូលរថយន្ត និងរងរបួសធ្ងន់។ ភ្លាមៗនោះ ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានជួយលើកជនរងគ្រោះចុះមកក្រោម និងទាក់ទងរថយន្តសាមុយមកដឹកយកទៅសង្គ្រោះបន្ទាន់។ រីឯតៃកុងរថយន្តវិញបានគេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកវាស់វែង និងយកម៉ូតូ និងរថយន្តទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ ភារ៉ា ដង្កោ
