ព្រះមហាក្សត្រអង់គ្លេស ព្រះចៅ Charles ទី៣ បានយាងទៅសហរដ្ឋអាមេរិកជួបសវនាការជាមួយប្រធានាធិបតី ដូណាល់ ត្រាំ នៅសេតវិមានកាលពីថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២៦ ជាការចាប់ផ្ដើមព្រះរាជទស្សនកិច្ចផ្លូវរដ្ឋដ៏សំខាន់ ប៉ុន្តែត្រូវបានគ្របដណ្ដប់ដោយភាពតានតឹងនៃទំនាក់ទំនងទ្វេភាគី ជាមួយសម្ព័ន្ធមិត្តណាតូ និងការប៉ុនប៉ងធ្វើឃាតប្រធានាធិបតីអាមេរិក។
នៅពីក្រោយការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះស្ដេច Charles និងម្ចាស់ក្សត្រី Camilla នៅចំពោះមុខកាមេរ៉ា គឺជាការលាក់បាំងនូវភាពរង្កោះរង្កើកាន់តែខ្លាំងឡើងនៃ «ទំនាក់ទំនងពិសេស» រវាងវ៉ាស៊ីនតោន និងឡុងដ៍ ជុំវិញសង្គ្រាមរបស់លោកត្រាំនៅអ៊ីរ៉ង់។

ស្ដេច Charles បានថ្លែងព្រះរាជសុន្ទរកថាទៅកាន់សភាអាមេរិកនៅថ្ងៃអង្គារនេះ ដោយមានបន្ទូលថា ប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ គឺជាប្រវត្តិសាស្ត្រនៃ «ការផ្សះផ្សា និងការធ្វើឲ្យប្រសើរឡើងវិញ»។
កាលពីថ្ងៃអាទិត្យ លោកត្រាំបានប្រាប់ Fox News ថា ព្រះរាជទស្សនកិច្ចអាចជួយជួសជុលទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិក។
ទោះយ៉ាងណា ព្រះរាជទស្សនកិច្ចនេះធ្វើឡើងចំពេលដែលលោកត្រាំបន្តរិះគន់ជាសាធារណៈលើនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer ជុំវិញជំហរចំពោះសង្គ្រាមអាមេរិក-អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ ដោយចោទប្រកាន់ថាមិនបានជួយជ្រោមជ្រែងទីក្រុងវ៉ាស៊ីនតោន ឬជួយបើកច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz ឡើងវិញឡើយ៕
