លោក ត្រាំ បដិសេធសំណើអ៊ីរ៉ង់ ទទូចដោះស្រាយបញ្ហានុយក្លេអ៊ែរជាមុនសិន ទើបពិភាក្សាសន្តិភាព

លោក ត្រាំ បដិសេធសំណើអ៊ីរ៉ង់ ទទូចដោះស្រាយបញ្ហានុយក្លេអ៊ែរជាមុនសិន ទើបពិភាក្សាសន្តិភាព

ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានឈានដល់ចំណុចរបត់ថ្មីមួយទៀត បន្ទាប់ពីមន្ត្រីជាន់ខ្ពស់អាមេរិកបានបង្ហើបប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ថា លោក ដូណាល់ ត្រាំ បានបង្ហាញក្ដីមិនពេញចិត្តយ៉ាងខ្លាំងចំពោះសំណើថ្មីបំផុតរបស់តេអ៊ីរ៉ង់។

មូលហេតុចម្បងដែលធ្វើឲ្យលោក ត្រាំ មិនពេញចិត្តនឹងសំណើនេះ គឺដោយសារតែវាមិនបានលើកយកបញ្ហាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ មកជជែកវែកញែកឲ្យបានច្បាស់លាស់ ដែលនេះជាចំណុចក្ដៅបំផុតសម្រាប់ទីក្រុងវ៉ាស៊ីនតោន។

លោក ដូណាល់ ត្រាំ

ថ្មីៗនេះ អ៊ីរ៉ង់បានបញ្ជាក់ថា ពួកគេចង់ទុកបញ្ហានុយក្លេអ៊ែរមួយឡែកសិន រង់ចាំរហូតដល់សង្គ្រាមបញ្ចប់ និងបញ្ហាដឹកជញ្ជូនតាមសមុទ្រក្នុងតំបន់ឈូងសមុទ្រត្រូវបានដោះស្រាយរួចរាល់ ទើបព្រមជជែក។ ប៉ុន្តែខាងអាមេរិកវិញ បានប្រកាន់ជំហរដាច់ខាតថា បញ្ហានុយក្លេអ៊ែរត្រូវតែដោះស្រាយតាំងពីដំបូងទីតែម្ដង។

ទោះបីជាមានការទាស់ទែងគ្នាយ៉ាងនេះក្ដី ប្រទេសប៉ាគីស្ថានដែលដើរតួជាអ្នកសម្របសម្រួល បានព្យាយាមយ៉ាងខ្លាំងដើម្បីជួយផ្សះផ្សារគម្លាតរវាងមហាអំណាចទាំងពីរ។ ប៉ុន្តែក្ដីសង្ឃឹមក្នុងការស្ដារសន្តិភាពឡើងវិញហាក់បីដូចជារសាត់ទៅឆ្ងាយបន្តិចទៅហើយ បន្ទាប់ពីលោក ត្រាំ បានសម្រេចចិត្តលុបចោលដំណើរទស្សនកិច្ចរបស់បេសកជនពិសេស និងកូនប្រសាររបស់លោក គឺលោក Jared Kushner ទៅកាន់រដ្ឋធានីអ៊ីស្លាម៉ាបាដ កាលពីចុងសប្តាហ៍មុន។

បច្ចុប្បន្ន ជម្លោះរវាងអាមេរិក និងអ៊ីរ៉ង់ នៅតែស្ថិតក្នុងស្ថានភាពទាល់ច្រកនៅឡើយ ដែលបញ្ហានេះមិនត្រឹមតែប៉ះពាល់ដល់ស្ថិរភាពនយោបាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើឲ្យការផ្គត់ផ្គង់ថាមពលពីតំបន់មជ្ឈិមបូព៌ាធ្លាក់ចុះ ដែលជាក្ដីបារម្ភយ៉ាងខ្លាំងសម្រាប់សេដ្ឋកិច្ចពិភពលោក។ គិតត្រឹមពេលនេះ គេនៅមិនទាន់ដឹងច្បាស់ថា តើភាគីទាំងពីរនឹងអាចរកចំណុចកណ្ដាលឃើញនៅពេលណានោះឡើយ៕

ជម្លោះអាមេរិក-អ៊ីរ៉ង់

ប្រែសម្រួល៖ ឈាង

administrator

Related Articles