ទិន្នន័យតាមដានកប៉ាល់នៅច្រក Hormuz បានបង្ហាញថា កប៉ាល់ដឹកប្រេងអ៊ីរ៉ង់ចំនួន ៦គ្រឿង ត្រូវបានកងកម្លាំងអាមេរិកបិទផ្លូវ និងបង្ខំឱ្យត្រឡប់ទៅកាន់អ៊ីរ៉ង់វិញ ក្រោយពេលឆ្លងកាត់ច្រកសមុទ្រយុទ្ធសាស្ត្រនេះ។
តាមភ្នាក់ងារសារព័ត៌មានរ៉យទ័រ ចេញផ្សាយថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានឱ្យដឹងថា ជាធម្មតាមានកប៉ាល់ចន្លោះពី ១២៥ ទៅ ១៤០គ្រឿង ឆ្លងកាត់ច្រកសមុទ្រនេះជារៀងរាល់ថ្ងៃ មុនពេលសង្គ្រាមអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ចាប់ផ្តើមនៅថ្ងៃទី ២៨ ខែកុម្ភៈ។ ប៉ុន្តែបច្ចុប្បន្ននេះ មានតែកប៉ាល់ ៧គ្រឿងប៉ុណ្ណោះ ដែលបានឆ្លងកាត់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ហើយគ្មានកប៉ាល់ដឹកប្រេងណាមួយឆ្លងទៅកាន់ទីផ្សារពិភពលោកឡើយ។
ចរាចរណ៍កប៉ាល់បានធ្លាក់ចុះយ៉ាងខ្លាំងពីជាង ១០០គ្រឿងក្នុងមួយថ្ងៃ មកត្រឹម ៧គ្រឿងប៉ុណ្ណោះ ដែលបង្ហាញពីផលប៉ះពាល់ធ្ងន់ធ្ងរនៃសង្គ្រាម និងការបិទផ្លូវរបស់អាមេរិក។
កងកម្លាំងអាមេរិកបានបញ្ជូននាវាសរុបចំនួន ៣៧គ្រឿង ត្រឡប់ក្រោយវិញ ចាប់តាំងពីការប្រកាសបិទផ្លូវសមុទ្រទាក់ទងនឹងអ៊ីរ៉ង់នៅថ្ងៃទី១៣ ខែមេសា។ ច្រកសមុទ្រហ័រមូសជាធម្មតាគ្រប់គ្រង ២០% នៃការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិរាវប្រចាំថ្ងៃរបស់ពិភពលោក។
យ៉ាងណា យោធាសហរដ្ឋអាមេរិកមិនទាន់ផ្តល់ការវិភាគពេញលេញពីប្រភេទនាវាដែលខ្លួនបានបង្វែរទិសដៅ ឬទីតាំងពិតប្រាកដនៃការស្ទាក់ចាប់នោះទេ។
