ថ្នាក់ដឹកនាំអាល្លឺម៉ង់ លោក Friedrich Merz បានថ្លែងថា អ៊ុយក្រែនអាចនឹងត្រូវទទួលយកការបាត់បង់ទឹកដីមួយផ្នែក ជាថ្នូរនឹងកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី ដើម្បីបើកផ្លូវឆ្ពោះទៅរកការចូលជាសមាជិកសហភាពអឺរ៉ុប (EU)។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Yahoo នៅថ្ងៃទី២៨ ខែមេសា។

លោក Merz បានលើកឡើងក្នុងព្រឹត្តិការណ៍មួយនៅទីក្រុង Marsberg កាលពីថ្ងៃទី២៧ ខែមេសាថា៖ «នៅចំណុចណាមួយ អ៊ុយក្រែននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ ហើយសង្ឃឹមថា នឹងមានកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី។ នៅពេលនោះ ទឹកដីមួយផ្នែករបស់អ៊ុយក្រែន ប្រហែលជាមិនមែនជារបស់ពួកគេទៀតឡើយ»។
លោកបានបន្ថែមថា កិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ីគឺជាអ្វីដែលអ៊ុយក្រែនត្រូវតែសម្រេចឲ្យបាន ដើម្បីបើកផ្លូវសម្រាប់ដំណើរការចូលជាសមាជិក EU។ ទីក្រុងកៀវនៅតែបន្តបដិសេធយ៉ាងដាច់អហង្ការចំពោះការទាមទារឲ្យធ្វើសម្បទានទឹកដី។
មេដឹកនាំអាល្លឺម៉ង់រូបនេះបានថ្លែងថា លោក ហ្សេឡេនស្គី នឹងត្រូវការការបោះឆ្នោតប្រជាមតិ ដើម្បីសម្រេចលើបញ្ហានេះ ហើយលោកត្រូវប្រាប់ប្រជាជនថា៖ «ខ្ញុំបានបើកផ្លូវសម្រាប់អ្នករាល់គ្នាឆ្ពោះទៅកាន់អឺរ៉ុបហើយ»។
ទោះជាយ៉ាងណា លោក Merz បានព្រមានកុំឲ្យមានសុទិដ្ឋិនិយមហួសហេតុពេក។ លោកបញ្ជាក់ថា អ៊ុយក្រែនមិនអាចចូលរួមជាមួយ EU បានទេ ខណៈពេលកំពុងមានសង្គ្រាម ហើយត្រូវតែបំពេញតាមលក្ខណៈវិនិច្ឆ័យតឹងរឹងជាមុនសិន រួមទាំងនីតិរដ្ឋ និងការប្រឆាំងអំពើពុករលួយ។
លោកបានបន្ថែមថា កាលបរិច្ឆេទដែលលោកហ្សេឡេនស្គីធ្លាប់លើកឡើងថា អ៊ុយក្រែននឹងក្លាយជាសមាជិក EU នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ គឺមិនអាចទៅរួចទេ។ សូម្បីតែឆ្នាំ២០២៨ ក៏មិនប្រាកដនិយមដែរ។
ជាជម្រើស លោក Merz បានស្នើឲ្យផ្ដល់តួនាទីជាអ្នកសង្កេតការណ៍ដល់អ៊ុយក្រែន នៅក្នុងស្ថាប័ននានារបស់ EU ដែលជាសំណើទទួលបានការគាំទ្រពីមេដឹកនាំអឺរ៉ុបជាច្រើនក្នុងកិច្ចប្រជុំកំពូលកាលពីសប្ដាហ៍មុននៅប្រទេសស៊ីប៕
