នៅឯក្របខណ្ឌវេទិកាអង្គការសហប្រជាជាតិ តំណាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កាលពីថ្ងៃចន្ទទី២៧ ខែមេសា បានប៉ះទង្គិចពាក្យសម្តីគ្នាយ៉ាងខ្លាំង ជុំវិញបញ្ហាកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ និងការជ្រើសរើសប្រទេសនេះឲ្យធ្វើជាអនុប្រធានមួយក្នុងចំណោមអនុប្រធានជាច្រើនទៀតនៅក្នុងសន្និសីទរយៈពេលមួយខែ ដើម្បីត្រួតពិនិត្យឡើងវិញនូវសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT)។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានផ្សាយថា សន្និសីទអង្គការសហប្រជាជាតិលើកទី១១ ដើម្បីត្រួតពិនិត្យការអនុវត្តសន្ធិសញ្ញា NPT ដែលបានចូលជាធរមានតាំងពីឆ្នាំ១៩៧០ បានចាប់ផ្ដើមនៅថ្ងៃចន្ទ ក្នុងទីក្រុងញូវយ៉ក។ ក្រុមផ្សេងៗគ្នាបានស្នើឈ្មោះអនុប្រធានសន្និសីទចំនួន ៣៤ រូប ហើយប្រធានសន្និសីទ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអង្គការសហប្រជាជាតិ លោក Do Hung Viet បានលើកឡើងថា អ៊ីរ៉ង់ត្រូវបានជ្រើសរើសដោយ «ក្រុមប្រទេសមិនចូលបក្សសម្ព័ន្ធ និងរដ្ឋដទៃទៀត»។

យ៉ាងណាមិញ លោក Christopher Yeaw ជំនួយការលេខាធិការនៃការិយាល័យត្រួតពិនិត្យអាវុធ និងការមិនរីកសាយភាយអាវុធរបស់អាមេរិក បានប្រាប់សន្និសីទនោះថា ការជ្រើសរើសប្រទេសអ៊ីរ៉ង់ គឺជា «ការប្រមាថ» មួយចំពោះសន្ធិសញ្ញា NPT។ លោកបានលើកឡើងថា វាជារឿងដែលមិនអាចប្រកែកបានដែលអ៊ីរ៉ង់បានបង្ហាញឲ្យឃើញជាយូរមកហើយនូវការមើលងាយរបស់ខ្លួនចំពោះការប្ដេជ្ញាចិត្តមិនរីកសាយភាយអាវុធ ហើយថែមទាំងបានបដិសេធមិនព្រមសហការជាមួយទីភ្នាក់ងារត្រួតពិនិត្យនុយក្លេអ៊ែររបស់ UN ទៀតផង។ លោកបានហៅការជ្រើសរើសនេះថាជា «រឿងដែលហួសពីការខ្មាសអៀន និងជាភាពអាម៉ាស់មួយដល់ភាពជឿជាក់នៃសន្និសីទនេះ»។
ទោះជាយ៉ាងណាក៏ដោយ លោក Reza Najafi ឯកអគ្គរដ្ឋទូតរបស់ទីក្រុងតេហេរ៉ង់ ប្រចាំទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានច្រានចោលសេចក្តីថ្លែងការណ៍របស់អាមេរិក ដោយចាត់ទុកថាវាជារឿងដែលគ្មានមូលដ្ឋាន និងរៀបចំឡើងក្នុងគោលបំណងនយោបាយ។ លោកបានថ្លែងថា៖ «វាជារឿងដែលមិនអាចទទួលយកបានឡើយ ដែលអាមេរិក ក្នុងនាមជារដ្ឋតែមួយគត់ដែលធ្លាប់បានប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងជាប្រទេសដែលបន្តពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន បែរជាព្យាយាមតាំងខ្លួនជាអាជ្ញាកណ្ដាលក្នុងការវិនិច្ឆ័យលើការអនុវត្តតាមកិច្ចព្រមព្រៀងទៅវិញ»។
បញ្ហានុយក្លេអ៊ែរបានក្លាយជាចំណុចស្នូលនៃសង្គ្រាមរយៈពេលពីរខែរវាងអ៊ីរ៉ង់ជាមួយអាមេរិក និងអ៊ីស្រាអែល ខណៈដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់សារជាថ្មីថា អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរជាដាច់ខាត។ អ៊ីរ៉ង់នៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ថា ខ្លួនមិនស្វែងរកការបង្កើតអាវុធនុយក្លេអ៊ែរនោះទេ ប៉ុន្តែ IAEA និងសហគមន៍ចារកម្មអាមេរិកបានវាយតម្លៃថា ទីក្រុងតេហេរ៉ង់ធ្លាប់មានកម្មវិធីអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរមួយ ដែលខ្លួនបានបិទឈប់ដំណើរការកាលពីឆ្នាំ២០០៣៕
