រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទាំងថ្នាក់ក្រសួង និងថ្នាក់មន្ទីរ បានចុះអន្តរាគមន៍ភ្លាមៗ ករណីក្រុមហ៊ុន អឹមអិល អ៊ិនធីមេត អឹភែរឹល (ខេមបូឌា) ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសអូរនាង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបានប្រកាសបិទដំណើរការផលិតកម្មទាំងមូល។ នេះបើតាមការបញ្ជាក់ពីលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ។

លោកអ្នកនាំពាក្យបានឲ្យដឹងថា៖ «ក្រោមការសម្របសម្រួល និងយកចិត្តទុកដាក់ដោះស្រាយភ្លាមៗរបស់មន្ត្រីក្រសួង តាំងពីព្រឹកមក កង្វល់របស់បងប្អូនកម្មករត្រូវបានដោះស្រាយ ហើយបងប្អូនបានរំសាយត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ក្រោមការជឿជាក់លើដំណោះស្រាយរបស់មន្ត្រី»។

តាមរយៈកិច្ចចរចា ភាគីក្រុមហ៊ុនបានព្រមព្រៀងទូទាត់ប្រាក់ឈ្នួលលើកទី១ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦។ រីឯប្រាក់ឈ្នួលលើកទី២ និងអត្ថប្រយោជន៍ផ្សេងៗ រួមមានប្រាក់អតីតភាពការងារ និងប្រាក់អត្ថប្រយោជន៍ក្រោយបញ្ចប់កិច្ចសន្យា នឹងត្រូវទូទាត់ក្នុងរយៈពេល ៣ខែបន្ទាប់។

អ្នកនាំពាក្យបានសង្កត់ធ្ងន់ថា អត្ថប្រយោជន៍របស់កម្មករនិយោជិតមិនត្រូវបានគេមើលរំលងឡើយ ដោយក្រសួងបានដាក់លើតុចរចាជាអាទិភាពបំផុត។ បន្ទាប់ពីទទួលបានការពន្យល់ កម្មករនិយោជិតបានយល់ព្រម និងរំសាយការជួបជុំត្រឡប់ទៅផ្ទះវិញនៅម៉ោងប្រមាណ ១១:០០ ព្រឹក។

ការដោះស្រាយដ៏លឿនរហ័ស និងមានប្រសិទ្ធភាពនេះ គឺជាកិច្ចការអាទិភាពរបស់ក្រសួងក្នុងការយកចិត្តទុកដាក់ចំពោះបងប្អូនកម្មករនិយោជិត។ ក្រសួងក៏បានអំពាវនាវឲ្យបងប្អូនកម្មករដែលមានបំណងចង់រកការងារថ្មី ទាក់ទងប្រព័ន្ធ Hotline ១២៩៧ និងមន្ទីរការងារខេត្តបន្ទាយមានជ័យ៕
