ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៥ នៅរដ្ឋធានីបានដា ស៊េរីបេហ្កាវ៉ាន់ ប្រទេសប្រ៊ុយណេដារូស្សាឡាម លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយថ្នាក់ដឹកនាំបរទេសជាច្រើនរូប។

ក្រៅពីការពិភាក្សាអំពីទំនាក់ទំនងជិតស្និទ្ធ កិច្ចសហប្រតិបត្តិការ និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ប្រមុខការទូតកម្ពុជាក៏មិនភ្លេចលើកឡើងអំពីកិច្ចការពារបូរណភាពទឹកដី និងប្រជាជន ដែលជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលនោះឡើយ។
ជាក់ស្តែង ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសសិង្ហបុរី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឆែក ព្រមទាំងអនុរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ស្ថានការណ៍វិវត្តន៍ថ្មីៗនៃបញ្ហាព្រំដែនកម្ពុជា-ថៃ សុទ្ធសឹងត្រូវបានលើកឡើងប្រាប់ដៃគូសន្ទនាមិនដែលខានឡើយ។

នេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារបូរណភាពទឹកដី និងផលប្រយោជន៍ជាតិនៅលើឆាកអន្តរជាតិ។
