ដិតដល់! កម្ពុជា-ចិន ចាត់រៀបមហោស្រពក្បាច់គុនចម្រុះនៅបាយ័ន ចុងខែមេសានេះ សង្ឃឹមទាក់ទាញភ្ញៀវទេសចរ

ដិតដល់! កម្ពុជា-ចិន ចាត់រៀបមហោស្រពក្បាច់គុនចម្រុះនៅបាយ័ន ចុងខែមេសានេះ សង្ឃឹមទាក់ទាញភ្ញៀវទេសចរ

ខេត្តសៀមរាប៖ ក្នុងគោលដៅរឹតចំណងមិត្តភាព និងជំរុញកំណើនភ្ញៀវទេសចរ ក្រសួងទេសចរណ៍កម្ពុជា សហការជាមួយស្ថានទូតចិន នឹងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយគឺ «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។

image

ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅបរិវេណខាងជើងប្រាសាទបាយ័ន ក្នុងរមណីយដ្ឋានអង្គរ ដោយមានការសម្ដែងរួមគ្នារវាងក្រុមសិល្បករក្បាច់គុនល្បុក្កតោ យុទ្ធគុនខម និងប្រដាល់ខ្មែរ ជាមួយនឹងក្បាច់គុនកុងហ្វូ សៅលីង និងថៃជី ដែលនិមន្តមកដោយផ្ទាល់ពីវត្តសៅលីង ប្រទេសចិន។

image

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ក្នុងក្របខ័ណ្ឌនៃការអនុវត្តយុទ្ធនាការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៦» ព្រឹត្តិការណ៍នេះត្រូវបានរំពឹងថានឹងទាក់ទាញភ្ញៀវជាតិ-អន្តរជាតិយ៉ាងច្រើនកុះករ ឱ្យចូលរួមទស្សនាដោយសេរី។

image

បន្ថែមពីនេះ ព្រឹត្តិការណ៍នេះក៏ជាឱកាសក្នុងការផ្សព្វផ្សាយអំពីការអនុវត្តសាកល្បងការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន ដែលកាន់លិខិតឆ្លងដែន PRC ទាំងអស់ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ផងដែរ។

image

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៤ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តសៀមរាប បានសហការជាមួយស្ថានទូតចិនរៀបចំព្រឹត្តិការណ៍ស្រដៀងគ្នានេះ នៅក្រុងអង្គរធំ ដែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងបានជួយផ្សព្វផ្សាយវប្បធម៌ ប្រពៃណី និងសក្ដានុពលទេសចរណ៍នៃប្រទេសទាំងពីរ៕

អត្ថបទ៖ លោកស្រី ហែម បូរ៉ានី | រូបភាព៖ លោក អ៊ុន ណារាជ្យ

administrator

Related Articles