ជម្លោះរវាងអ៊ីស្រាអែល និងលីបង់ដែលជាមូលដ្ឋានរបស់ក្រុមហេសបូឡា កាន់តែស្ថិតក្នុងស្ថានភាពផុយស្រួយ បើទោះបីជាមានបទឈប់បាញ់សម្របសម្រួលដោយសហរដ្ឋអាមេរិកកាលពីថ្ងៃទី១៧ ខែមេសាក៏ដោយ។

រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz បានចេញការគំរាមថ្មីមួយដល់លីបង់កាលពីថ្ងៃចន្ទដោយថា ភ្លើងសង្រ្គាមនឹងឆាបឆេះពេញផ្ទៃប្រទេសលីបង់ទាំងមូល បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបញ្ជាឱ្យបង្កើនកម្លាំងយោធាប្រឆាំងនឹងទីក្រុងបេរូត។
យោងតាមទីភ្នាក់ងារសារព័ត៌មានតួកគី Anadolu លោក Katz បានថ្លែងក្នុងកិច្ចប្រជុំជាមួយបេសកជនអង្គការសហប្រជាជាតិប្រចាំលីបង់ថា៖ «លោក Naim Qassem កំពុងលេងជាមួយភ្លើង ហើយភ្លើងនឹងឆេះហេសបូឡា និងប្រទេសលីបង់ទាំងមូល»។
រដ្ឋមន្ត្រីអ៊ីស្រាអែលបានអះអាងថា រដ្ឋាភិបាលលីបង់បន្តលាក់ខ្លួននៅក្រោមស្លាបហេសបូឡា ហើយភ្លើងនឹងលេបត្របាក់ដើមតាដានៃប្រទេសលីបង់ទាំងអស់។ លោកក៏បានចោទប្រកាន់ប្រធានាធិបតីលីបង់ថាកំពុងលេងល្បែងជាមួយអនាគតនៃប្រទេស។

គួរបញ្ជាក់ថា ការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងលីបង់ចាប់តាំងពីថ្ងៃទី០២ ខែមីនា បានសម្លាប់មនុស្សជាង ២៥០០នាក់ របួសជាង ៧៧៥០នាក់ និងជាង ១.៦លាននាក់បាត់បង់ទីលំនៅ។ បទឈប់បាញ់រយៈពេល១០ថ្ងៃត្រូវបានប្រកាសនៅថ្ងៃទី១៧ ខែមេសា និងត្រូវបានពង្រីក៣សប្តាហ៍ទៀត ប៉ុន្តែនៅតែបន្តរងការរំលោភពីភាគីទាំងពីរ៕
