ទោះបីជាថ្នាក់ដឹកនាំក្រុមហេសបូឡាបានច្រានចោលការចរចាផ្ទាល់ជាមួយអ៊ីស្រាអែលក៏ដោយ ក៏មេដឹកនាំចលនាសកម្មប្រយុទ្ធមូលដ្ឋានលីបង់មួយនេះ បានដាក់ចេញនូវលក្ខខណ្ឌសំខាន់ៗចំនួន៥ ទៅកាន់ភាគីអ៊ីស្រាអែល ប្រសិនបើពួកគេពិតជាចង់បញ្ចប់សង្គ្រាមមែននោះ។

តាមការផ្សាយរបស់សារព័ត៌មាន Yeni Safak កាលពីថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២៦ លក្ខខណ្ឌទាំង៥ ដែលដាក់ចេញដោយមេក្រុមហេសបូឡា លោក Naim Qassem មានដូចជា៖
- ទី១៖ បញ្ឈប់ការឈ្លានពានទាំងលើដីគោក សមុទ្រ និងអាកាស
- ទី២៖ ដកទ័ពអ៊ីស្រាអែលចេញពីដែនដីដែលកំពុងកាន់កាប់
- ទី៣៖ ដោះលែងអ្នកជាប់ឃុំឃាំង
- ទី៤៖ អនុញ្ញាតឲ្យពលរដ្ឋវិលទៅកាន់ភូមិឋាន និងទីក្រុងរបស់ពួកគេវិញ
- ទី៥៖ កសាងប្រទេសលីបង់ឡើងវិញ
ជុំវិញរឿងនេះ អ្នកជំនាញអន្តរជាតិយល់ឃើញថា អ៊ីស្រាអែលអាចនឹងចរចាបានតែលើចំណុចទី៥ ប៉ុណ្ណោះ ប៉ុន្តែលុះត្រាតែតំបន់នោះត្រូវបានបោសសម្អាតអាវុធរបស់ហេសបូឡាចេញអស់ ខណៈលក្ខខណ្ឌដទៃទៀតត្រូវបានអ៊ីស្រាអែលចាត់ទុកថាស្មើនឹង «ការចុះចាញ់»។
លោកស្រី Randa Slim អ្នកវិភាគនៅ Middle East Institute បានវិភាគថា លក្ខខណ្ឌទាំង៥នេះ គឺជា «យុទ្ធសាស្ត្របង្កើនតម្លៃចរចា» របស់ក្រុមហេសបូឡា។ លោកស្រីយល់ថា ចលនាលីបង់មួយនេះចង់បង្ហាញទៅកាន់អ្នកគាំទ្រខ្លួនថា ពួកគេមិនមែនជាអ្នកចាញ់សង្គ្រាមឡើយ ទើបដាក់លក្ខខណ្ឌខ្ពស់ៗបែបនេះ។
ចំណែកក្រុមអ្នកវិភាគនៃសារព័ត៌មាន Al Jazeera យល់ឃើញថា លក្ខខណ្ឌទី៥ (ការកសាងឡើងវិញ) គឺជាចំណុចយុទ្ធសាស្ត្រដើម្បីទាក់ទាញចិត្តពលរដ្ឋលីបង់។ តាមការវិភាគ ហេសបូឡាចង់រុញបន្ទុកនៃការបំផ្លិចបំផ្លាញទៅឲ្យអ៊ីស្រាអែលជាអ្នកទទួលខុសត្រូវ ដើម្បីកាត់បន្ថយសម្ពាធពីផ្ទៃក្នុងប្រទេសលីបង់ដែលកំពុងខឹងសម្បានឹងសង្គ្រាម៕
