EU បន្តដាក់ទណ្ឌកម្មមីយ៉ាន់ម៉ាមួយឆ្នាំទៀត និងផ្អាកជំនួយហិរញ្ញវត្ថុទាំងអស់

EU បន្តដាក់ទណ្ឌកម្មមីយ៉ាន់ម៉ាមួយឆ្នាំទៀត និងផ្អាកជំនួយហិរញ្ញវត្ថុទាំងអស់

សហភាពអឺរ៉ុប (EU) កាលពីថ្ងៃចន្ទ (២៧ មេសា) បានសម្រេចបន្តដាក់ទណ្ឌកម្មប្រឆាំងមីយ៉ាន់ម៉ារហូតដល់ខែឧសភា ឆ្នាំ២០២៧ ដើម្បីរក្សាសម្ពាធលើមេដឹកនាំយោធា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការសម្រេចនេះធ្វើឡើងជាង ៥ ឆ្នាំ ក្រោយក្រុមយោធាធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុង សានស៊ូជី នៅដើមឆ្នាំ ២០២១។

វិធានការរបស់ប្លុករួមមានការបង្កកទ្រព្យសម្បត្តិ ការហាមឃាត់ការធ្វើដំណើរ និងការហាមឃាត់ការលក់អាវុធ លើបុគ្គលចំនួន ១០៥ នាក់ និងអង្គភាពចំនួន ២២។ វិធានការទាំងនេះត្រូវបានដាក់ចេញជាលើកដំបូងក្រោយរដ្ឋប្រហារខែកុម្ភៈ ឆ្នាំ២០២១ និងការបង្ក្រាបជាបន្តបន្ទាប់របស់របបយោធាលើអ្នកប្រឆាំង។

ទណ្ឌកម្ម EU មីយ៉ាន់ម៉ា

ក្រុមប្រឹក្សា EU បាននិយាយក្នុងសេចក្ដីថ្លែងការណ៍ថា៖ «សហភាពអឺរ៉ុប សូមបញ្ជាក់ជាថ្មីនូវការថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពរបស់យោធាមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារឆ្នាំ ២០២១»។ ក្រុមប្រឹក្សាបានលើកឡើងពីការបន្តរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងការរឹតត្បិតយ៉ាងទូលំទូលាយលើសេរីភាពជាមូលដ្ឋាន។

គួរកត់សម្គាល់ថា ការសម្រេចនេះធ្វើឡើងក្រោយពីលោក មីន អ៊ុងឡាំង ត្រូវបានជ្រើសរើសជាប្រធានាធិបតីមីយ៉ាន់ម៉ានៅដើមខែនេះ តាមរយៈការបោះឆ្នោតដែលលោកខាងលិចថ្កោលទោសថាជាការក្លែងបន្លំដើម្បីបន្តការគ្រប់គ្រងរបស់យោធា។

ក្រៅពីទណ្ឌកម្ម EU បាននិយាយទៀតថា ខ្លួននៅតែបន្តដកហូតជំនួយហិរញ្ញវត្ថុដោយផ្ទាល់ទៅរដ្ឋាភិបាលមីយ៉ាន់ម៉ា និងផ្អាកគ្រប់ជំនួយទាំងអស់ដែលអាចចាត់ទុកថាផ្ដល់ភាពស្របច្បាប់សម្រាប់ថ្នាក់ដឹកនាំយោធា។

បច្ចុប្បន្ន ភាពតានតឹងនយោបាយ និងអសន្តិសុខប្រដាប់អាវុធនៅតែមាននៅមីយ៉ាន់ម៉ា។ អង្គការសហប្រជាជាតិបានឱ្យដឹងថា មានមនុស្សយ៉ាងហោចណាស់ ៣,៦ លាននាក់បានផ្លាស់ទីលំនៅ ចំណែកសមាគមជំនួយសម្រាប់អ្នកទោសនយោបាយបានផ្ទៀងផ្ទាត់ការសម្លាប់មនុស្សជិត ៨​០០០ នាក់ និងការចាប់ខ្លួនជិត ៣១​០០០ នាក់ ដោយ ២២​០០០ នាក់នៅតែជាប់ឃុំឃាំងរហូតមកទល់ពេលនេះ៕

administrator

Related Articles