ភ្នំពេញ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញគោលការណ៍ណែនាំដ៏សំខាន់មួយ ដោយជំរុញឱ្យអង្គភាពចំណុះក្រសួងទាំងអស់ បង្កើតទំព័រហ្វេសប៊ុកដាច់ដោយឡែកពីទំព័រផ្លូវការ ដើម្បីត្រៀមឆ្លើយតប និងផ្តល់ព័ត៌មានជាបន្ទាន់ដល់សាធារណជន នៅពេលកើតមានហេតុការណ៍អ្វីមួយ។
ការណែនាំនេះធ្វើឡើងក្នុងកិច្ចប្រជុំមួយ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រដ្ឋបាលរាជធានី ខេត្ត និងស្នងការដ្ឋាននគរបាល ប្រសិនបើពុំទាន់មានទំព័រហ្វេសប៊ុកប្រភេទនេះទេ ត្រូវរៀបចំបង្កើតឡើងឱ្យបានលឿន រួមជាមួយក្រុមការងារទទួលបន្ទុកឆ្លើយតប។

លោកអភិសន្តិបណ្ឌិត បានចាត់ទុកទំព័រថ្មីនេះថាជា ក្រុមជួរមុខ ដែលដើរតួនាទីសម្រាល និងបញ្ចប់ក្តីមន្ទិលរបស់ពលរដ្ឋ នៅពេលមានរឿងហេតុក្នុងសង្គម ជាពិសេសនៅពេលដែលសាធារណមតិកំពុងផ្ទុះឡើងខ្លាំង។ គោលបំណងសំខាន់គឺបង្កើតភាពច្បាស់លាស់ និងដាច់ដោយឡែកពីទំព័រផ្សាយព័ត៌មានទូទៅរបស់អង្គភាព៕
ដោយ ៖ សិលា
