រដ្ឋអាជ្ញាសហព័ន្ធអាមេរិកបានចោទប្រកាន់បុរសឈ្មោះ Cole Tomas Allen អាយុ ៣១ឆ្នាំ មកពីទីក្រុង Torrance រដ្ឋ California ចំនួន៣ករណីធ្ងន់ធ្ងរ ជុំវិញហេតុការណ៍បាញ់ប្រហារដ៏កក្រើកអំឡុងពិធីជប់លៀងអាហារពេលល្ងាចរបស់សមាគមអ្នកឆ្លើយឆ្លងព័ត៌មានសេតវិមានកាលពីចុងសប្តាហ៍។
តាមការផ្សាយរបស់ BBC នៅថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ ខ្មាន់កាំភ្លើងរូបនេះត្រូវចោទប្រកាន់ពីបទ៖ ប៉ុនប៉ងធ្វើឃាតប្រធានាធិបតីសហរដ្ឋអាមេរិក, ដឹកជញ្ជូនអាវុធឆ្លងរដ្ឋក្នុងគោលបំណងប្រព្រឹត្តបទឧក្រិដ្ឋ និងការបាញ់បោះអំឡុងពេលប្រព្រឹត្តអំពើហិង្សា។

យ៉ាងណាក៏ដោយ Allen មិនទាន់សារភាពទោសកំហុសទេ ខណៈចៅក្រមបានបញ្ជាឲ្យបន្តឃុំខ្លួនរូបគេ រង់ចាំសវនាការស្ដីពីការឃុំខ្លួនដែលគ្រោងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍នេះ។
ឯកសារតុលាការ និងមន្ត្រីមកពីក្រសួងយុត្តិធម៌បានឲ្យដឹងថា នៅម៉ោងប្រហែល ៨:៤០នាទីយប់ថ្ងៃសៅរ៍ (ម៉ោងនៅអាមេរិក) Allen បានសម្រុកឆ្លងកាត់ម៉ាស៊ីនស្កេនសន្តិសុខ នៅចំណុចត្រួតពិនិត្យសុវត្ថិភាពលើជាន់មួយនៃសណ្ឋាគារ Washington Hilton ដែលស្ថិតនៅពីលើសាលពិធីជប់លៀងធំមួយជាន់។
តាមសេចក្តីរាយការណ៍ Allen មានប្រដាប់ដោយកាំភ្លើង Shotgun, កាំភ្លើងខ្លីពាក់កណ្តាលស្វ័យប្រវត្តិ និងកាំបិតចំនួន ៣ដើម។ ភ្នាក់ងារម្នាក់ត្រូវបានគ្រាប់កាំភ្លើងបាញ់ត្រូវចំទ្រូង ប៉ុន្តែបានអាវក្រោះសង្គ្រោះជីវិតរបស់គាត់។

កងកម្លាំងអនុវត្តច្បាប់បានបាញ់តបតវិញប្រហែល៥គ្រាប់ ហើយទោះបី Allen មិនត្រូវគ្រាប់ក៏ដោយ រូបគេត្រូវបានកងកម្លាំងស្ទាក់ចាប់រុញផ្ទប់ឲ្យដួល រួចចាប់ខ្លួនបាននៅនឹងកន្លែង។
ក្រុមអ្នកស៊ើបអង្កេតបានបើកមើលអ៊ីមែលមួយដែល Allen ផ្ញើទៅកាន់គ្រួសារនិងនិយោជករបស់ខ្លួន ត្រឹមតែ១០នាទីប៉ុណ្ណោះមុនការវាយប្រហារ។ ក្នុងសារនោះ Allen ហៅខ្លួនឯងថាជា «ឃាតកសហព័ន្ធដ៏រួសរាយ» ហើយប្រកាសថាវាគឺជា «កាតព្វកិច្ច» របស់លោកដែលត្រូវកំណត់គោលដៅលើប្រធានាធិបតី ដូណាល់ ត្រាំ និងមន្ត្រីរដ្ឋបាលជាន់ខ្ពស់ដទៃទៀត។
អត្ថបទ៖ សុខ សុវណ្ណ
