ខេត្តបាត់ដំបង៖ កម្លាំងយោធភូមិភាគទី៥ សហការជាមួយកម្លាំងយោធាខេត្ត បានចុះបង្ក្រាបក្រុមជនទុច្ចរិតប្រើប្រាស់ឧបករណ៍ឆក់ត្រីខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ ព្រមទាំងរឹបអូសវត្ថុតាងមួយចំនួនធំ។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៦ ខែមេសា នៅតំបន់ហាមឃាត់ក្នុងភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ខណៈដែលក្រុមជនទុច្ចរិតកំពុងប្រព្រឹត្តបទល្មើសជាក់ស្ដែង។

ប្រភពព័ត៌មានពីមន្ត្រីប្រតិបត្តិការបានឲ្យដឹងថា កម្លាំងយោធាដែលទទួលបទបញ្ជាពីលោកមេបញ្ជាការយោធភូមិភាគទី៥ បានឆ្មក់ចូលទៅឡោមព័ទ្ធពួកអ្នកលួចឆក់ត្រីនៅក្នុងបឹងធម្មជាតិមួយកន្លែង។ ក្នុងប្រតិបត្តិការនោះ គេបានឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ រួមជាមួយឧបករណ៍ឆក់ត្រីចំនួន០៨ឈុត និងម៉ូតូចំនួន០៨គ្រឿង ដែលជាមធ្យោបាយប្រព្រឹត្តបទល្មើសនេសាទ។

គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលបានផ្ដល់សិទ្ធិ និងភារកិច្ចជាអាទិភាពដល់កម្លាំងយោធភូមិភាគទី៥ ដឹកនាំជួរមុខក្នុងការចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅតំបន់ទន្លេសាប។ ក្រុមជនទុច្ចរិតទាំងនេះត្រូវបានគេចាត់ទុកថាជាអ្នកបំផ្លិចបំផ្លាញផ្ដាច់ពូជមច្ឆជាតិយ៉ាងធ្ងន់ធ្ងរ។

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋរស់នៅតំបន់ទន្លេសាបបានលើកឡើងថា មួយរយៈចុងក្រោយនេះ ត្រីនៅបឹងទន្លេសាបហាក់មានការកើនឡើងវិញហើយ ដោយសារការបង្ក្រាបយ៉ាងខ្លាំងក្លាពីសមត្ថកិច្ច។




