វិបត្តិបោកប្រាស់តាមអ៊ីនធឺណិតកំពុងផ្ទុះឡើងយ៉ាងខ្លាំងនៅម៉ាឡេស៊ី! អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនង លោកស្រី Teo Nie Ching បានបង្ហើបថា ត្រឹម ៣ខែដើមឆ្នាំ២០២៦ មាតិកា Scam រួមទាំងគណនីក្លែងក្លាយចំនួន ៤៣,៦១៨ ត្រូវបានលុបចោលទាំងស្រុង។

យោងតាមសារព័ត៌មាន Strait Times ចុះថ្ងៃទី២៨ មេសា តួលេខនេះបង្ហាញពីការកើនឡើងគំហុក ខណៈឆ្នាំ២០២៤ មានត្រឹមជាង ៦ម៉ឺនករណី ប៉ុន្តែហក់ឡើងដល់ជិត ១០ម៉ឺនករណីក្នុងឆ្នាំ២០២៥។
អ្វីដែលគួរឲ្យរន្ធត់ជាងនេះ គឺក្រុមអ្នកបោកប្រាស់បានប្រើ AI ក្លែងសំឡេងព្រះមហាក្សត្រម៉ាឡេស៊ី ព្រះចៅស៊ុលតង់ អ៊ីប្រាហ៊ីម និងរូបភាពអតីតប្រធានាធិបតីសិង្ហបុរី លោកស្រី Halimah Yacob ដើម្បីផ្សព្វផ្សាយជំនួយហិរញ្ញវត្ថុមិនពិត!

គួរបញ្ជាក់ថា ការខាតបង់សរុបក្នុងឆ្នាំ២០២៥ មានរហូតដល់ ៦៦០លានដុល្លារ កើន ៧៦% បើធៀបនឹងឆ្នាំ២០២៤ ដែលខាតត្រឹម ៣៧០លានដុល្លារ។ ការឆបោកលើវិនិយោគជាប្រភពខាតបង់ធំជាងគេ ប្រមាណ ៣២៥លានដុល្លារ។ រដ្ឋាភិបាលម៉ាឡេស៊ីកំពុងដាក់ច្បាប់ថ្មីដើម្បីទប់ស្កាត់បញ្ហានេះ៕
