រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានសារភាពយ៉ាងចំហថា លោកពិតជាបានដឹងអំពីការវាយប្រហាររបស់អ៊ីស្រាអែលមកលើប្រទេសលីបង់ ក្នុងអំឡុងពេលដែលបទឈប់បាញ់កំពុងតែអនុវត្ត ប៉ុន្តែលោកមិនបានឃាត់វីងនោះទេ។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិក ដែលត្រូវបានផ្សាយដោយ CNN នៅថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ លោក Rubio បាននិយាយថា អាមេរិកគ្រាន់តែជំរុញឲ្យអ៊ីស្រាអែល ត្រូវធ្វើការវាយប្រហារដោយសមាមាត្រ និងឲ្យចំគោលដៅប៉ុណ្ណោះ។
លោក Rubio បានចោទប្រកាន់ក្រុមហេសបូឡាថាជាអ្នកបំពានបទឈប់បាញ់មុនគេ ដោយលោកអះអាងថា៖ «នៅក្នុងកិច្ចព្រមព្រៀង អ្វីដែលច្បាស់ក្រឡែតនោះគឺថា ប្រសិនបើក្រុមហេសបូឡា រៀបនឹងបាញ់គ្រាប់រ៉ុកកែតដាក់អ៊ីស្រាអែល និងដាក់ភូមិឋាននានានៅភាគខាងជើង នោះអ៊ីស្រាអែលមានសិទ្ធិក្នុងការដោះស្រាយបញ្ហា មុនពេលវាកើតឡើងបាន»។
សូមជម្រាបជាថ្មីថា បទឈប់បាញ់អ៊ីស្រាអែល-លីបង់ ត្រូវបានចាប់អនុវត្តដំបូងនៅថ្ងៃទី១៦ ខែមេសា ក្រោមការសម្របសម្រួលពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយលោកបង្ហាញក្ដីសង្ឃឹមថា បទឈប់បាញ់នេះគឺជា «ជំហានដ៏សំខាន់» ឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពកាន់តែធំជាមួយអ៊ីរ៉ង់និងទប់ស្កាត់សង្គ្រាមតំបន់។
ក្រោយមក លោកត្រាំក៏បានប្រកាសបន្តបទឈប់បាញ់រយៈពេល១០ថ្ងៃទៀត ប៉ុន្តែទាំងអ៊ីស្រាអែល និងក្រុមហេសបូឡាលីបង់ សុទ្ធតែចោទដាក់គ្នាថារំលោភបំពាន៕
