វិបត្តិច្រកហ័រមូហ្សជំរុញថៃប្រញាប់រុញគម្រោង«ស្ពានដីគោក» សម្លឹងរកសិង្ហបុរីជាដៃគូវិនិយោគ

វិបត្តិច្រកហ័រមូហ្សជំរុញថៃប្រញាប់រុញគម្រោង«ស្ពានដីគោក» សម្លឹងរកសិង្ហបុរីជាដៃគូវិនិយោគ

វិបត្តិនៅច្រកសមុទ្រហ័រមូហ្សកំពុងជំរុញឱ្យថៃបង្កើនល្បឿនគម្រោង «ស្ពានដីគោក» នៅភាគខាងត្បូងប្រទេស ដែលតភ្ជាប់សមុទ្រអង់ដាម៉ង់នៃមហាសមុទ្រឥណ្ឌា មកកាន់ឈូងសមុទ្រថៃ។ រដ្ឋាភិបាលថៃកាលពីថ្ងៃទី២៧ មេសា បានសម្លឹងរកការគាំទ្រពីសិង្ហបុរីជាវិនិយោគិនសំខាន់សម្រាប់គម្រោងយក្សនេះ។

Land Bridge Project

រដ្ឋាភិបាលថៃបានឱ្យដឹងថា ខ្លួនកំពុងស្ដារគម្រោងនេះឡើងវិញ បន្ទាប់ពីវិបត្តិនៅច្រកសមុទ្រហ័រមូហ្សបានបង្ហាញពីភាពងាយរងគ្រោះនៃច្រកដឹកជញ្ជូនសកល រួមទាំងច្រកសមុទ្រម៉ាឡាកានៅអាស៊ីអាគ្នេយ៍។ គួរកត់សម្គាល់ថា រដ្ឋបាលមុនក៏ធ្លាប់រៀបចំសេចក្តីព្រាងច្បាប់លើគម្រោងនេះដែរ ប៉ុន្តែត្រូវបានបរាជ័យដោយសារវិបត្តិនយោបាយ និងការប្រឆាំងពីប្រជាពលរដ្ឋ។

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ លោក Phiphat Ratchakitprakarn បានឱ្យដឹងថា សំណើលើគម្រោងនេះ រំពឹងថានឹងត្រូវដាក់ជូនគណៈរដ្ឋមន្ត្រីថៃនៅខែមិថុនា ឬកក្កដា ដោយរដ្ឋាភិបាលនឹងស្វែងរកវិនិយោគិនសម្រាប់គម្រោងដែលមានតម្លៃប្រមាណ ១ទ្រីលានបាត (ប្រហែល ៣០,៩៧លានដុល្លារ) នេះ ដោយចាប់ផ្ដើមនៅត្រីមាសទី៣។

គួរបញ្ជាក់ថា ស្ពានដីគោកនៅភាគខាងត្បូងថៃ រាប់បញ្ចូលទាំងកំពង់ផែទឹកជ្រៅ២ គឺនៅខេត្តរ៉ាណង (ឆ្នេរសមុទ្រអង់ដាម៉ង់) និងខេត្តជុំផន (ឈូងសមុទ្រថៃ) ដែលតភ្ជាប់ដោយផ្លូវថ្នល់ និងផ្លូវដែកប្រវែង ៩០គីឡូម៉ែត្រ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធថាមពលដូចជាបំពង់បង្ហូរប្រេងជាដើម។ គម្រោងនេះនឹងក្លាយជាផ្លូវជំនួសច្រកសមុទ្រម៉ាឡាកា ដែលជាផ្លូវទឹកសំខាន់តភ្ជាប់ពីអាស៊ីបូព៌ាទៅអឺរ៉ុប។

នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានគូសបញ្ជាក់គម្រោងនេះក្នុងអំឡុងកិច្ចប្រជុំជាមួយលោក Chan Chun Sing រដ្ឋមន្ត្រីក្រសួងការពារជាតិសិង្ហបុរី។ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Rachada Dhanadirek បានប្រាប់អ្នកសារព័ត៌មានថា៖ «លោក (Chan) មើលឃើញថា វាជាឱកាសសេដ្ឋកិច្ចសម្រាប់ថៃ និងវិនិយោគិនបរទេស ប្រសិនបើគម្រោងនេះជំរុញទៅមុខដោយជោគជ័យ»។

សេចក្ដីរាយការណ៍នេះ កើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ីកាលពីសប្តាហ៍មុនបានធ្វើឱ្យមានការភ្ញាក់ផ្អើលដោយនិយាយថា ឥណ្ឌូណេស៊ីមានគម្រោងយកពន្ធសម្រាប់នាវាចរណ៍លើច្រកសមុទ្រម៉ាឡាកា។ យ៉ាងណា ក្រោយមករដ្ឋមន្ត្រីដដែល និងក្រសួងការបរទេសឥណ្ឌូណេស៊ី បានបញ្ជាក់បញ្ច្រាស់ថា ឥណ្ឌូណេស៊ីគ្មានគម្រោងបែបនេះទេ។

administrator

Related Articles