ខេត្តពោធិ៍សាត់ ៖ ក្រសួងការពារជាតិកម្ពុជា បានសម្របសម្រួលដំណើរទស្សនកិច្ចលើកទី២ ប្រចាំឆ្នាំ២០២៦ របស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់អំពីស្ថានភាពនៅស្ពានស្ទឹងមេទឹក ខេត្តពោធិ៍សាត់។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យក្រសួងការពារជាតិ នៅយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦។ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានជម្រាបថា នៅថ្ងៃទី២៨ ខែមេសា វេលាម៉ោង ១៤:៣០នាទីរសៀល ក្រសួងបានសម្របសម្រួលដំណើរទស្សនកិច្ចនេះឡើង។

គួរបញ្ជាក់ថា ស្ពានស្ទឹងមេទឹក បានរងការវាយប្រហារដោយយន្តហោះចម្បាំងទម្លាក់គ្រាប់បែកពីសំណាក់កងទ័ពអាកាសថៃ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ បណ្តាលឱ្យខូចខាត និងដាច់ទាំងស្រុងមិនអាចចរាចរណ៍បាន។ ស្ពាននេះជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសុទ្ធសាធ ដែលស្ថិតនៅចម្ងាយរាប់សិបគីឡូម៉ែត្រពីព្រំដែនកម្ពុជា-ថៃ។

រាជរដ្ឋាភិបាល និងក្រសួងការពារជាតិ នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយបញ្ហាព្រំដែនទាំងអស់តាមសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ព្រមទាំងប្រកាន់ខ្ជាប់នូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។


សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន! នាថ្ងៃអង្គារ ១២កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦៕





ដោយ៖ សិលា
