វិបត្តិសង្គ្រាមអ៊ីរ៉ង់​រុញពិភពលោក​សម្រុកទិញ​ថាមពលស្អាតពីចិន កម្រិតកំណត់ត្រា!

វិបត្តិសង្គ្រាមអ៊ីរ៉ង់​រុញពិភពលោក​សម្រុកទិញ​ថាមពលស្អាតពីចិន កម្រិតកំណត់ត្រា!

សង្គ្រាមនៅអ៊ីរ៉ង់កំពុងធ្វើឲ្យពិភពលោករញ្ជួយដោយសារវិបត្តិថាមពល។ ការបិទច្រកសមុទ្រហ័រមូស ដែលជាផ្លូវទឹកដ៏សំខាន់ បានកាត់ផ្ដាច់ការផ្គត់ផ្គង់ប្រេង និងហ្គាសធម្មជាតិប្រហែល ២០% របស់ពិភពលោក នាំឲ្យតម្លៃប្រេងហក់ឡើងខ្ពស់មិនធ្លាប់មាន។

ស្ថានភាពដ៏លំបាកនេះ បានក្លាយជាកាតាលីករដ៏សំខាន់ បង្ខំឲ្យប្រទេសជាច្រើនដកខ្លួនពីការពឹងផ្អែកលើប្រេង ហើយងាកមកស្វែងរកថាមពលជំនួសវិញ។ នេះជាឱកាសដ៏ធំសម្រាប់ចិន ដែលជា «ស្តេចថាមពលកកើតឡើងវិញ» កំពុងទទួលបានផលចំណេញយ៉ាងសន្ធឹកសន្ធាប់។

ថាមពលស្អាត

យោងតាមរបាយការណ៍ពីស្ថាប័នស្រាវជ្រាវថាមពល Ember ការនាំចេញបច្ចេកវិទ្យាសូឡា អាគុយ និងរថយន្តអគ្គិសនីរបស់ចិនបានហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងខែមីនា។ ការនាំចេញផ្ទាំងសូឡាបានកើនឡើងដល់ ៦៨ហ្គីហ្គាវ៉ាត់ លើសពីកំណត់ត្រាចាស់ ៥០%។ ប្រទេសជិត ៥០ នៅជុំវិញពិភពលោក ជាពិសេសនៅអាស៊ី និងអាហ្វ្រិក បានសម្រុកទិញផ្ទាំងសូឡាពីចិនដើម្បីជំនួសប្រេងថ្លៃ។

ទំនិញដែលចិនហៅថា «របស់ថ្មីទាំងបី» រួមមាន ផ្ទាំងសូឡា អាគុយ និងរថយន្តអគ្គិសនី បានក្លាយជាក្បាលម៉ាស៊ីនរុញច្រានសេដ្ឋកិច្ចចិន។ ការនាំចេញអាគុយតែមួយមុខទទួលបានចំណូល ១០ពាន់លានដុល្លារក្នុងខែមីនា ខណៈការនាំចេញរថយន្តអគ្គិសនី និង Hybrid កើនឡើង ១៤០% បើធៀបនឹងឆ្នាំមុន។ វិបត្តិនេះបានធ្វើឲ្យអ្នកប្រើប្រាស់ជុំវិញពិភពលោកយល់ឃើញថា ការងាកមកប្រើប្រាស់ថាមពលស្អាត គឺជាជម្រើសដ៏ឆ្លាតវៃ និងចំណេញបំផុត។

បច្ចេកវិទ្យាថាមពលស្អាតចិន

បទពិសោធន៍ពីប៉ាគីស្ថានគឺជាឧទាហរណ៍ដ៏ច្បាស់ ដែលពួកគេបាននាំចូលផ្ទាំងសូឡាតម្លៃថោកពីចិនតាំងពីប៉ុន្មានឆ្នាំមុន ធ្វើឲ្យពួកគេមិនសូវរងផលប៉ះពាល់ពីសង្គ្រាមនៅអ៊ីរ៉ង់ និងអាចសន្សំប្រាក់បានរាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។ អ្នកជំនាញបានលើកឡើងថា ទោះបីជាការនាំចេញកាលពីខែមីនាអាចមានការថយចុះខ្លះក្ដី ប៉ុន្តែទំនោររយៈពេលវែងគឺច្បាស់ណាស់ថា យុគសម័យនៃការពឹងលើប្រេងហ្វូស៊ីលជិតឈានដល់ទីបញ្ចប់ហើយ ហើយពិភពលោកកំពុងឈានចូលយុគសម័យថ្មីនៃថាមពលស្អាត ដែលចិនជាអ្នកដឹកនាំមុខគេក្នុងការផ្គត់ផ្គង់បច្ចេកវិទ្យានេះ។

administrator

Related Articles