រាជធានីភ្នំពេញ ៖ កំពូលជើងខ្លាំងក្របីព្រៃ ពេជ្រ សម្បត្តិ បានប្រើកណ្ដាប់ដៃដែកវាយបំបាក់គូប្រកួតមកពីប្រទេសម៉ុងហ្គោលី ឱ្យបោះបង់ការប្រកួតនៅត្រឹមទឹកទី៣ ក្នុងសង្វៀនទូរទស្សន៍ថោន កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ដើម្បីដណ្ដើមបានខ្សែក្រវាត់ពិភពលោកប្រភេទទម្ងន់៦០គីឡូក្រាម។

គូភ្លើងទាំងពីរ ពេជ្រ សម្បត្តិ និង B.AMGALANBAYAR ធ្លាប់បានប៉ះគ្នាម្ដងរួចមកហើយកាលពីវគ្គប្រកួតវិលជុំ៨នាក់ ដែលពេលនោះពេជ្រ សម្បត្តិឈ្នះពិន្ទុប៉ុណ្ណោះ។ ហេតុនេះហើយទើបកីឡាករម៉ុងហ្គោលីមិនអស់ចិត្ត បានមកសងសឹកជម្រះបញ្ជីគ្នាម្ដងទៀត។

ថ្វីដៃកីឡាករម៉ុងហ្គោលីមិនជាអន់នោះដែរ គេបានវាយសម្រុកយ៉ាងសន្ធាប់តាំងពីទឹកទី១ ធ្វើឱ្យពេជ្រ សម្បត្តិបែកឈាមហូរពេញមុខដោយស្នៀតកែង។ ប៉ុន្តែពេជ្រ សម្បត្តិបានវាយបកសងវិញភ្លាមៗ។ ចូលដល់ទឹកទី២ ការប្រកួតកាន់តែសាហាវឡើងៗ ដោយគូភ្លើងទាំងពីរវាយបកសងទៅវិញទៅមកឥតឈប់។

ទោះជាយ៉ាងណា ចូលដល់ទឹកទី៣ ក្របីព្រៃពេជ្រ សម្បត្តិបានបញ្ជូនកណ្ដាប់ដៃស្ដាំយ៉ាងធ្ងន់វាយចូលគល់ធ្មាមខាងឆ្វេងរបស់ B.AMGALANBAYAR ធ្វើឱ្យកីឡាករម៉ុងហ្គោលីបោះបង់ចោលការប្រកួតតែម្ដង។ ភ្លាមៗនោះ គូប្រកួតត្រូវបានគ្រូពេទ្យបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ បន្ទាប់ពីពិនិត្យឃើញថាគល់ធ្មាមឆ្វេងបានបាក់។

អ្នកតាមដានការប្រកួតភាគច្រើនបានសរសើរស្នៀតកណ្ដាប់ដៃរបស់ពេជ្រ សម្បត្តិ ដែលជាអាវុធសម្លាប់សត្រូវដ៏សាហាវរបស់គេ។ ជ័យជម្នះនេះធ្វើឱ្យគេក្លាយជាម្ចាស់ខ្សែក្រវាត់ពិភពលោកទម្ងន់៦០គីឡូក្រាមយ៉ាងពេញសិទ្ធិ។

