ប្រធានាធិបតីដែលទើបជាប់ឆ្នោតថ្មីរបស់អ៊ីរ៉ាក់ បានតែងតាំងសហគ្រិន លោក Ali al-Zaidi ជានាយករដ្ឋមន្ត្រីចាំផ្ទះ បន្ទាប់ពីទទួលបានការគាំទ្រពីសម្ព័ន្ធភាពសាសនាស៊ីអ៊ីតដ៏មានឥទ្ធិពល។ នេះបើតាមអ្នកឆ្លើយឆ្លងព័ត៌មាន Al Jazeera ប្រចាំអ៊ីរ៉ាក់។
ការិយាល័យប្រធានាធិបតីអ៊ីរ៉ាក់ បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងបាកដាដ លោក Ali al-Zaidi ត្រូវបានជ្រើសរើសជាបេក្ខជនរបស់ក្រុមក្របខ័ណ្ឌសម្របសម្រួល ដែលជាប្លុកធំជាងគេក្នុងរដ្ឋសភា ដើម្បីកាន់តំណែងនាយករដ្ឋមន្ត្រី និងបង្កើតរដ្ឋាភិបាលអាណត្តិបន្ទាប់។
ការប្រកាសនេះកើតឡើងភ្លាមៗ បន្ទាប់ពីក្របខ័ណ្ឌសម្របសម្រួល ដែលជាសម្ព័ន្ធភាពក្រុមសាសនាស៊ីអ៊ីតមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ បានងាកមកគាំទ្រលោក al-Zaidi ជំនួសលោក Nouri al-Maliki ដែលជាបេក្ខជនដំបូង។ ការតែងតាំងនេះ បញ្ចប់ភាពទាល់ច្រកនយោបាយអូសបន្លាយជាច្រើនខែ ដែលប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានចូលជ្រៀតជ្រែក។
លោក Al-Maliki ដែលស្និទ្ធនឹងអ៊ីរ៉ង់ ត្រូវបានលោកត្រាំប្រឆាំងយ៉ាងដាច់អហង្ការ ដោយព្រមានថានឹងបញ្ឈប់ជំនួយទាំងអស់ដល់អ៊ីរ៉ាក់ បើលោក Al-Maliki ក្លាយជានាយករដ្ឋមន្ត្រី។ លោក Ali al-Zaidi ជាបុគ្គលលេចធ្លោមានបទពិសោធន៍ផ្នែកហិរញ្ញវត្ថុ អប់រំ និងប្រព័ន្ធផ្សព្វផ្សាយ។ បច្ចុប្បន្នលោកជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន National Holding Company៕
អត្ថបទ៖ សាង ស្រីល័ក្ខ
