ភ្នំពេញ៖ កើតហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់ បណ្តាលឲ្យក្មេងស្រីម្នាក់បាត់បង់ជីវិត ខណៈដែលបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមក្នុងល្បឿនលឿន វ៉ាជែងជ្រុលទៅបុកម៉ូតូសណ្តោងរុឺម៉កដែលបើកបរទិសដៅផ្ទុយគ្នា។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៩:២៥ យប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ តាមបណ្តោយផ្លូវបេតុងផ្សារសំបួរមាស សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនកើតហេតុ ម៉ូតូសណ្តោងរុឺម៉កមួយគ្រឿងបើកបរទិសដៅពីលិចទៅកើត មានអ្នកជិះចំនួន៤នាក់។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ JO-0562 ជិះដោយបុរសម្នាក់ក្នុងល្បឿនលឿន បើកទិសដៅពីកើតទៅលិច ហើយវ៉ាជែងជ្រុលទៅបុកចំពីមុខរុឺម៉កយ៉ាងពេញទំហឹង។

ក្រោយពេលបុកបណ្តាលឲ្យក្មេងស្រីរងគ្រោះធ្លាក់ពីលើរុឺម៉ក រងរបួសធ្ងន់ ប្រជាពលរដ្ឋក្បែរខាងបានទាក់ទងរថយន្តសង្គ្រោះឲ្យមកដឹកទៅមន្ទីរពេទ្យជាបន្ទាន់ ប៉ុន្តែជាអកុសល ក្មេងស្រីនោះបានបាត់បង់ជីវិតនៅពេលបញ្ជូនដល់មន្ទីរពេទ្យ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានខណ្ឌដង្កោ សហការជាមួយមន្ត្រីជំនាញចរាចរណ៍ក្រុង បានចុះទៅវាស់វែង និងយកម៉ូតូ និងរុឺម៉កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាបណ្តោះអាសន្ន រងចាំការដោះស្រាយនៅពេលក្រោយ។ ចំណែកសព សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
