ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ទទួលបាននូវចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃពីប្រទេសជប៉ុន ក្នុងគោលដៅជំរុញការអភិវឌ្ឍនគរូបនីយកម្មទីក្រុងឱ្យកាន់តែមានចីរភាព។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងក្នុងកិច្ចប្រជុំកំពូល Sushi Tech 2026 G-NETS Leaders Summit នៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ដែលដឹកនាំដោយលោកស្រី យូរីកូ កូអុីកេ អភិបាលក្រុងតូក្យូ។

លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កិច្ចប្រជុំនេះតម្រូវឱ្យអភិបាលក្រុងនានាចែករំលែកបទពិសោធន៍ និងការខិតខំប្រឹងប្រែងដោះស្រាយគ្រោះមហន្តរាយរបស់ទីក្រុងខ្លួន។

ឯកឧត្ដម ឃួង ស្រេង បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលក្រុងតូក្យូ ដែលបានរៀបចំកិច្ចប្រជុំកំពូលនេះ ដើម្បីផ្តល់ឱកាសឱ្យថ្នាក់ដឹកនាំទីក្រុងនានាលើសកលលោកបានជួបពិភាក្សា និងស្វែងរកដំណោះស្រាយរួម សម្រាប់ការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព និងភាពធន់នឹងគ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុ។

ក្នុងឱកាសនោះ លោក សេង វណ្ណៈ អភិបាលរងរាជធានីភ្នំពេញ បានធ្វើបទបង្ហាញស្តីពីភាពធន់ និងការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិរបស់រាជធានីភ្នំពេញ ដោយចែករំលែកមេរៀន និងបទពិសោធន៍កន្លងមក។ រដ្ឋបាលរាជធានីភ្នំពេញនឹងប្រើប្រាស់ចំណេះដឹង និងបទពិសោធន៍ដែលទទួលបាននាពេលនេះ ដើម្បីបន្តការអភិវឌ្ឍនគរូបនីយកម្មទីក្រុងឱ្យកាន់តែមានចីរភាព។
លោកស្រី យូរីកូ កូអុីកេ បានដាក់ជូនអង្គប្រជុំអនុម័តសេចក្តីថ្លែងការណ៍រួមស្តីពីអនាគតនៃនគរូបនីយកម្មថ្មី ដោយផ្អែកលើភាពធន់នឹងអាកាសធាតុ និងគ្រោះមហន្តរាយ ព្រមទាំងធ្វើសន្និសីទសារព័ត៌មានប្រកាសសេចក្តីថ្លែងការណ៍រួមនេះផងដែរ៕
ដោយ៖ សំរិត
