ប្រតិបត្តិការលុបបំបាត់គ្រឿងញៀនឆ្លងខេត្ត៖ អាវុធហត្ថឃាត់ខ្លួន២នាក់ ដកហូតថ្នាំញៀននិងសម្ភារៈមួយចំនួនធំ

ប្រតិបត្តិការលុបបំបាត់គ្រឿងញៀនឆ្លងខេត្ត៖ អាវុធហត្ថឃាត់ខ្លួន២នាក់ ដកហូតថ្នាំញៀននិងសម្ភារៈមួយចំនួនធំ

កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល បានបើកប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ និងដកហូតថ្នាំញៀនជាច្រើនកញ្ចប់ ព្រមទាំងវត្ថុតាងពាក់ព័ន្ធមួយចំនួនធំ។

វត្ថុតាង

ប្រតិបត្តិការនេះធ្វើឡើងក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីដោយលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។

ការឃាត់ខ្លួនជនសង្ស័យ

តាមសមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង១៣និង៤៥នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោង បានចុះបង្ក្រាបករណីគ្រឿងញៀននៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិស្រីបណ្ឌិត ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ។ បន្ទាប់ពីការស្រាវជ្រាវ និងសាកសួរ នៅថ្ងៃទី២៧ ខែមេសា កម្លាំងជំនាញបានបន្តពន្លាតដែនសមត្ថកិច្ចទៅខេត្តកំពង់ស្ពឺ ដោយសហការជាមួយកម្លាំងអាវុធហត្ថស្រុកគងពិសី ដើម្បីចុះបង្ក្រាបជាក់ស្តែងនៅភូមិដំណាក់ពង្រ ឃុំព្រៃវិហារ ស្រុកគងពិសី។ នៅថ្ងៃដដែលកម្លាំងសមត្ថកិច្ចបានបន្តពន្លាតប្រតិបត្តិការទៅខេត្តកណ្តាល ដោយសហការជាមួយកម្លាំងអាវុធហត្ថស្រុកអង្គស្នួល ចុះបង្ក្រាបនៅភូមិព្រៃទន្លាប់ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

វត្ថុតាងដកហូត

ក្នុងប្រតិបត្តិការស្រាវជ្រាវបង្ក្រាប សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ រួមមាន៖ ១- ឈ្មោះ ផូ សុភ័ក្រ អាយុ៣២ឆ្នាំ រស់នៅភូមិកញ្ចាង ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ។ ២- ឈ្មោះ យ៉ែន សីហា អាយុ៣៤ឆ្នាំ រស់នៅភូមិដំណាក់ពង្រ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន១៤កញ្ចប់ ទម្ងន់១៦.៨៤ក្រាម ជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង, ម៉ូតូ១គ្រឿង, ទូរស័ព្ទដៃ៤គ្រឿង, ដាវដែក១ដើម, កាំមេរ៉ាសុវត្ថិភាព២គ្រឿង ព្រមទាំងថង់វេចខ្ចប់ និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាង ត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តតាកែវ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទ៖ វីរៈ

administrator

Related Articles