កម្លាំងជំនាញផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកបាទី ខេត្តតាកែវ បានបើកប្រតិបត្តិការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ក្នុងករណីជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ព្រមទាំងដកហូតវត្ថុតាងមួយចំនួនផងដែរ។

ប្រតិបត្តិការនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នៅតាមទីតាំងពីរផ្សេងគ្នា រួមមានក្នុងឃុំត្រពាំងសាប និងឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។

តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាទី ជនសង្ស័យទាំង៣នាក់រួមមាន៖
ទី១- ឈ្មោះ សឿន សុខុម ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិខ្នារទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ជាមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដកហូតបានម្សៅក្រាមពណ៌សថ្លាចំនួន ០៣កញ្ចប់។
ទី២- ឈ្មោះ ហ៊ួន រិទ្ធ ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិខ្នារទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ជាមុខសញ្ញាជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ ដកហូតបានទូរស័ព្ទដៃចំនួន ០១គ្រឿង។

ទី៣- ឈ្មោះ ញ៉ាវ វឿន ភេទប្រុស អាយុត្រឹមតែ ១៦ឆ្នាំប៉ុណ្ណោះ មានទីលំនៅភូមិខ្នារទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ក្នុងករណីរក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដកហូតបានម្សៅក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់។
ក្រោយពេលឃាត់ខ្លួន និងសួរនាំរួចរាល់ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាទី បានបញ្ជូនជនសង្ស័យទាំង៣នាក់ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីអនុវត្តនីតិវិធីច្បាប់បន្ត៕
