ឃាត់ខ្លួនបុរសញៀនថ្នាំ បូមសាំងស្រោចមុខផ្ទះអ្នកជិតខាង បម្រុងដុតទាំងរស់នៅកណ្តាល

ឃាត់ខ្លួនបុរសញៀនថ្នាំ បូមសាំងស្រោចមុខផ្ទះអ្នកជិតខាង បម្រុងដុតទាំងរស់នៅកណ្តាល

ខេត្តកណ្តាល៖ សមត្ថកិច្ចស្រុកអង្គស្នួល បានឃាត់ខ្លួនបុរសម្នាក់ដែលជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ពីបទបូមសាំងពីម៉ូតូជនរងគ្រោះ យកទៅចាក់ស្រោចមុខផ្ទះ និងស្រែកគំរាមដុតផ្ទះ ព្រមទាំងបាញ់ជំពាមកៅស៊ូដាក់ដំបូលផ្ទះអ្នកជិតខាងយ៉ាងរំជួលចិត្ត។

ករណីនេះកើតឡើងនៅវេលាម៉ោងប្រហែល ០៦:០០ ល្ងាច ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ នៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល តាមពាក្យបណ្តឹងរបស់ជនរងគ្រោះចំនួន ២នាក់។

រូបភាពកន្លែងកើតហេតុ

លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឱ្យដឹងថា ជនសង្ស័យឈ្មោះ សុខ សារ៉ាត់ ហៅ(រុយ) ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរកម្មករ ជាអ្នកញៀនគ្រឿងញៀនរ៉ាំរ៉ៃជាង ១០ឆ្នាំ ហើយការធ្វើតេស្តទឹកនោមបានបង្ហាញពីវត្តមានសារធាតុញៀនវិជ្ជមាន។

រូបភាពវត្ថុតាង

ជនរងគ្រោះទាំងពីរនាក់គឺ ឈ្មោះ សុខ ផាន់ អាយុ ៦១ឆ្នាំ និង សុខ សៀម អាយុ ៥៦ឆ្នាំ ដែលរស់នៅក្បែរផ្ទះជនសង្ស័យ។ សមត្ថកិច្ចបានដកហូតវត្ថុតាងជាច្រើនមុខរួមមាន៖ ពូថៅ ០១ ដែកឆាប ០១ ប៊ីដុងដាក់ប្រេង ៣០លីត្រ ០១ ទុយោបូមប្រេង ០១ខ្សែ ដែកកះ ០៤ ជំពាមកៅស៊ូ ០៣ គ្រាប់កង់ ០១ប្រអប់ និងគ្រាប់ដុំថ្ម ០៣គ្រាប់។

តាមរបាយការណ៍ ជនសង្ស័យបានអង្គុយផឹកស្រាលាយថ្នាំញៀននៅផ្ទះតែម្នាក់ឯង មុននឹងដើរទៅផ្ទះជនរងគ្រោ�់ រួចបូមសាំងពីម៉ូតូយកមកស្រោចពេញមុខផ្ទះ ព្រមទាំងស្រែកគំរាមដុតផ្ទះ និងសម្លាប់ជនរងគ្រោះ។ ពេលដឹងថាជនរងគ្រោះទៅប្តឹងសមត្ថកិច្ច ជនសង្ស័យបានរត់ចូលផ្ទះខ្លួនឯងបិទទ្វារចាក់សោរ រួចយកជំពាមកៅស៊ូបាញ់ទៅលើដំបូលផ្ទះអ្នកជិតខាង និងបន្តស្រែកជេរប្រមាថរហូតដល់ម៉ោងប្រហែល ១១យប់។

រូបភាពសមត្ថកិច្ចកំពុងឃាត់ខ្លួន

លុះព្រឹកថ្ងៃទី២៧ មេសា ម៉ោង ៧:០០ ជនសង្ស័យបន្តស្រែកជេរប្រមាថ និងគំរាមកាប់អ្នកជិតខាងទៀត ទើបជនរងគ្រោះសម្រេចចិត្តទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលក្រាំងម្កាក់។ កម្លាំងប៉ុស្តិ៍បានសហការជាមួយកម្លាំងជំនាញ និងប្រជាការពារភូមិ ចុះឃាត់ខ្លួនជនសង្ស័យភ្លាមៗ រួមទាំងវត្ថុតាងទាំងអស់។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចាក់សាំងបម្រុងដុតផ្ទះ និងម៉ូតូ ព្រមទាំងគំរាមសម្លាប់ និងបាញ់ជំពាមកៅស៊ូដាក់ផ្ទះអ្នកជិតខាងប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកសាងសំណុំរឿងចាត់វិធានការតាមនីតិវិធីច្បាប់។

administrator

Related Articles