ទីក្រុងបែរឡាំង៖ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានរិះគន់យ៉ាងខ្លាំងទៅលើសហរដ្ឋអាមេរិក ដោយចោទថា កំពុងផុងខ្លួនក្នុងសង្គ្រាម ដែលគ្មានគោលដៅច្បាស់លាស់ និងកំពុងត្រូវអ៊ីរ៉ង់ធ្វើឲ្យអាម៉ាស់មុខ។ ការលើកឡើងនេះធ្វើឡើងក្នុងដំណើរទស្សនកិច្ចទៅកាន់សាលារៀនមួយនៅទីក្រុង Marsberg កណ្តាលប្រទេសអាល្លឺម៉ង់។

លោក Merz បានថ្លែងថា អ៊ីរ៉ង់មានអ្នកជំនាញខាងចរចា ប៉ុន្តែពួកគេមិនបានទៅចរចានៅប៉ាគីស្ថានទេ ដោយទុកឲ្យគណៈប្រតិភូអាមេរិកទៅទីក្រុងអ៊ីស្លាម៉ាបាដតែឯង ហើយចាកចេញមកវិញដោយគ្មានលទ្ធផលអ្វីឡើយ។ លោកបន្តថា៖ «អ៊ីរ៉ង់កំពុងធ្វើឲ្យអាមេរិកអាម៉ាស់មុខ»។
ស្របពេលនោះ លោក Merz បានប្រៀបធៀបស្ថានភាពនេះទៅនឹងសង្គ្រាមអ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាន ដោយថា វ៉ាស៊ីនតោនកំពុងជាប់ផុងខ្លួន មិនដឹងត្រូវដកថយវិញដោយរបៀបណា។ លោកបានប្រាប់សិស្សានុសិស្សថា៖ «រឿងរ៉ាវទាំងមូលគឺខ្វះការពិចារណាឲ្យបានល្អិតល្អន់។ មកទល់ពេលនេះ ខ្ញុំមិនទាន់ឃើញថា តើអាមេរិកកំពុងជ្រើសរើសយុទ្ធសាស្ត្រដកថយបែបណានោះទេ»។
នេះមិនមែនជាលើកទីមួយទេ ដែលទីក្រុងបែរឡាំងប្រើវោហារស័ព្ទវាយប្រហារអាមេរិកជុំវិញសង្គ្រាមមជ្ឈិមបូព៌ា។ កាលពីខែមុន លោក Merz ក៏បានប្រកាសជាសាធារណៈដែរថា អាល្លឺម៉ង់នឹងមិនចូលរួមក្នុងសង្គ្រាមនៅអ៊ីរ៉ង់ដាច់ខាត ព្រោះគ្មានមូលដ្ឋានច្បាប់។ លោកថា៖ «យើងខ្វះការអនុម័តពីអង្គការសហប្រជាជាតិ សហភាពអឺរ៉ុប ឬអង្គការណាតូ»។ លោកបន្ថែមថា អំពើប្រទូស្តរ៉ាសដែលកំពុងកើនឡើងនឹងបង្កហានិភ័យកាន់តែធំដល់តំបន់៕
