ខេត្តកំពង់ឆ្នាំង ៖ ដើម្បីដោះស្រាយបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ ជនជាប់ឃុំចំនួន ៤៨នាក់ ត្រូវបានផ្ទេរចេញពីពន្ធនាគារខេត្តកំពង់ឆ្នាំង ទៅកាន់ពន្ធនាគាររាជធានីភ្នំពេញ (PJ) កាលពីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។

នេះបើតាមការប្រកាសរបស់អគ្គនាយកដ្ឋានពន្ធនាគារ ដែលបានឱ្យដឹងថា ការផ្ទេរនេះធ្វើឡើងក្រោមការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

អគ្គនាយកដ្ឋានពន្ធនាគារបានសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធរខេត្ត ស្នងការដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់នៃខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល និងរាជធានីភ្នំពេញ ដើម្បីសម្រួលដល់ការដឹកជញ្ជូនជនជាប់ឃុំទាំង ៤៨នាក់នេះ។

ការផ្ទេរនេះប្រព្រឹត្តទៅក្រោមការចុះអនុវត្តន៍បញ្ជាផ្ទាល់ដោយ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ កែវ វិចិត្រ ប្រធានការិយាល័យការពារ តំណាងលោកប្រធាននាយកដ្ឋានសន្តិសុខពន្ធនាគារ និងមន្ត្រីជំនាញ ប្រកបដោយសុវត្ថិភាពយ៉ាងតឹងរ៉ឹង។

