ស្ត្រីខឹងឪពុកម្ដាយសង្សារបំបែកស្នេហា លួចយកសាំងដុតផ្ទះត្រូវកងសន្តិសុខចាប់បានហើយ!

ស្ត្រីខឹងឪពុកម្ដាយសង្សារបំបែកស្នេហា លួចយកសាំងដុតផ្ទះត្រូវកងសន្តិសុខចាប់បានហើយ!

ក្រាំងធ្នង់៖ ហេតុការណ៍ស្នេហាបែកបាក់បានក្លាយជារឿងសោកសៅ ពេលស្ត្រីម្នាក់ខឹងស្ទាក់ស្ទើរពេក បានសម្រេចចិត្តទៅចាក់សាំងដុតផ្ទះឪពុកម្ដាយសង្សារខ្លួន តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានស្រេចក្រោយរត់គេចខ្លួនបានត្រឹមតែ២ថ្ងៃប៉ុណ្ណោះ។

រូបភាពជនសង្ស័យ

នៅរាជធានីភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌសែនសុខ សហការជាមួយនគរបាលប៉ុស្តិ៍ក្រាំងធ្នង់ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនស្ត្រីជាជនសង្ស័យឈ្មោះ ឡុង ប៉ុច អាយុ៤៥ឆ្នាំ រស់នៅបន្ទប់ជួលភូមិក្បាលដំរី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ ស្ត្រីរូបនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាយប់រំលងអធ្រាត្រចូលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ នៅតាមផ្លូវក្នុងភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

រូបភាពកន្លែងកើតហេតុ

ចំណែកជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ ហេ វណ្ណា ភេទប្រុស អាយុ៥៦ឆ្នាំ ជាមន្ត្រីយោធា មានទីលំនៅផ្ទះលេខ១៧១៩ ផ្លូវបេតុង ភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ មូលហេតុនៃការដុតផ្ទះនេះ គឺបណ្ដាលមកពីស្ត្រីជាជនសង្ស័យ និងឈ្មោះ ឡូ រតនា ហៅកេស អាយុ៣៦ឆ្នាំ ដែលជាកូនប្រុសរបស់ម្ចាស់ផ្ទះ ធ្លាប់បានស្រឡាញ់គ្នា។ ក្រោយមកក៏មានការបែកបាក់គ្នា ដោយសារឪពុកម្ដាយខាងប្រុសមិនពេញចិត្ត ជាហេតុធ្វើឲ្យស្ត្រីរូបនេះខឹងនឹងក្រុមគ្រួសារសង្សារ រហូតបានរៀបចំគម្រោងយកសាំងទៅដុតផ្ទះតែម្ដង។

កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១ និង១០នាទីយប់រំលងអធ្រាត្រ ស្ត្រីជាជនសង្ស័យបានយកសាំងទៅដុតផ្ទះរបស់ជនរងគ្រោះ។ ភ្លើងបានឆាបឆេះឡើង ប៉ុន្តែសំណាងល្អត្រូវបានម្ចាស់ផ្ទះរួមទាំងបងប្អូនអ្នកជិតខាងភ្ញាក់ដឹងខ្លួនទាន់ នាំគ្នាជួយពន្លត់បានទាន់ពេល គ្រាន់តែបណ្ដាលឲ្យខូចខាតធុងចម្រោះទឹកចំនួន១ មានតម្លៃ១,២០០ដុល្លារ និងខ្សែភ្លើងមួយចំនួនតែប៉ុណ្ណោះ។ បន្ទាប់ពីកើតហេតុ ជនរងគ្រោះបានឆែកកាមេរ៉ាសុវត្ថិភាព ហើយឃើញស្ត្រីដែលជាអតីតសង្សារកូនជាអ្នកដុត ក៏ប្ដឹងសមត្ថកិច្ចឈានទៅស្រាវជ្រាវឃាត់ខ្លួនបាន ហើយបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌសែនសុខ ដើម្បីចាត់ការតាមច្បាប់។

administrator

Related Articles