ខេត្តកណ្តាល៖ កើតហេតុការណ៍ហិង្សាក្នុងគ្រួសារដ៏រន្ធត់មួយ នៅពេលដែលបុរសជាប្តីអាយុ ៤៣ឆ្នាំ បានដាច់ចិត្តប្រើអាវុធមុតស្រួចចាក់ទៅលើប្រពន្ធរបស់ខ្លួនអាយុ ៤១ឆ្នាំ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់មកក៏បានចាក់សម្លាប់ខ្លួនឯងតាមក្រោយ បន្សល់ទុកសាកសពទាំងពីរនាក់ក្នុងថ្លុកឈាម។

ហេតុការណ៍នេះបានកើតឡើងនៅវេលាថ្ងៃត្រង់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ តាមប្រភពបឋមបានឲ្យដឹងថា ប្តីឈ្មោះ នៅ ធួន អាយុ ៤៣ឆ្នាំ ជាកសិករ និងប្រពន្ធឈ្មោះ សួន ចំរើន អាយុ ៤១ឆ្នាំ រស់នៅក្នុងតំបន់តែមួយ។

នៅវេលាម៉ោង ១១:៣០ ពេលប្រពន្ធត្រឡប់ពីស៊ីឈ្នួលដកស្មៅជីឱ្យគេមកផ្ទះវិញ ជនសង្ស័យបានឈរចាំនៅលើភ្លឺស្រែ រួចក៏ចាក់ប្រពន្ធជាច្រើនកាំបិត ហើយក៏ចាក់ខ្លួនឯងតាមក្រោយ។

មុនពេលកើតសោកនាដកម្មនេះ គេឃើញមានជម្លោះពាក្យសម្តីគ្នាយ៉ាងខ្លាំងក្លារវាងប្តីនិងប្រពន្ធ។ ក្រោយពេលសម្លាប់ប្រពន្ធរួច បុរសជាប្តីក៏បានប្រើអាវុធដដែលចាក់សម្លាប់ខ្លួនឯង បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង។

កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយបានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីធ្វើការហ៊ុមព័ទ្ធ និងពិនិត្យកោសល្យវិច័យ។ បច្ចុប្បន្ន សមត្ថកិច្ចមិនទាន់បញ្ជាក់ពីមូលហេតុពិតប្រាកដនៅឡើយទេ ខណៈសាកសពត្រូវបានប្រគល់ជូនសាច់ញាតិដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។


នេះជាករណីហិង្សាក្នុងគ្រួសារមួយទៀត ដែលដាស់តឿនដល់សង្គមអំពីផលវិបាកនៃការប្រើប្រាស់ហិង្សាដើម្បីដោះស្រាយបញ្ហា ដែលចុងក្រោយមានតែការបាត់បង់ជីវិត និងបន្សល់ទុកនូវសេចក្តីសោកសង្រេងដល់ក្រុមគ្រួសារតែប៉ុណ្ណោះ៕


