អង្គការសហប្រជាជាតិ អំពាវនាវឱ្យអ៊ីស្រាអែលបញ្ឈប់ជាបន្ទាន់ ការសាងសង់លំនៅឋានខុសច្បាប់នៅតំបន់ Golan Heights នៃប្រទេសស៊ីរី

អង្គការសហប្រជាជាតិ អំពាវនាវឱ្យអ៊ីស្រាអែលបញ្ឈប់ជាបន្ទាន់ ការសាងសង់លំនៅឋានខុសច្បាប់នៅតំបន់ Golan Heights នៃប្រទេសស៊ីរី

អង្គការសហប្រជាជាតិ (UN) បានអំពាវនាវយ៉ាងខ្លាំងក្លាឱ្យអ៊ីស្រាអែលបញ្ឈប់ជាបន្ទាន់នូវផែនការពង្រីកការសាងសង់លំនៅឋានខុសច្បាប់នៅតំបន់ Golan Heights នៃប្រទេសស៊ីរី ដែលជាការរំលោភបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។

អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បានថ្លែងកាលពីថ្ងៃអង្គារថា៖ «ផែនការដែលបានរាយការណ៍ ដើម្បីពង្រីកការតាំងទីលំនៅឋានរបស់អ៊ីស្រាអែលនៅតំបន់ Golan ក្នុងប្រទេសស៊ីរី ត្រូវតែបញ្ឈប់ជាបន្ទាន់»។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានតួកគី Anadolu ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។

គួរបញ្ជាក់ថា អ៊ីស្រាអែលបានអនុម័តផែនការរយៈពេល៥ឆ្នាំ (២០២៦-២០៣០) កាលពីថ្ងៃទី១៦ ខែមេសា ដោយបែងចែកថវិកាប្រមាណ ៣៣៤ លានដុល្លារ ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងជំរុញកំណើនប្រជាជនអ៊ីស្រាអែលនៅក្នុងទឹកដីកាន់កាប់នេះ។ រដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រីអ៊ីស្រាអែល លោក Ze’ev Elkin បានលើកឡើងថា គំនិតផ្តួចផ្តើមនេះមានគោលបំណងផ្លាស់ប្តូរការតាំងទីលំនៅក្នុងភូមិ Katzrin ទៅជាទីក្រុងដំបូងនៃតំបន់ Golan។

រូបភាពព័ត៌មាន

គួររំលឹកថា អ៊ីស្រាអែលបានចាប់ផ្តើមពង្រីកខ្លួនចូលក្នុងប្រទេសស៊ីរីតាំងពីឆ្នាំ១៩៦៧ ហើយបន្តសាងសង់លំនៅឋាននៅតំបន់ Golan Heights ទោះបីជាដឹងថាខុសច្បាប់អន្តរជាតិក៏ដោយ។ យោងតាមច្បាប់អន្តរជាតិ តំបន់ Golan Heights ត្រូវបានទទួលស្គាល់ថាជាទឹកដីស៊ីរី ហើយទង្វើកាន់កាប់ និងពង្រីកការតាំងទីលំនៅរបស់អ៊ីស្រាអែល គឺពិតជាខុសច្បាប់អន្តរជាតិទាំងស្រុង៕

administrator

Related Articles