រាជធានីភ្នំពេញ ៖ ព្រឹត្តិការណ៍ប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៦ នឹងចាប់ផ្ដើមពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែឧសភា ខាងមុខ នៅរាជធានីភ្នំពេញ ដោយមានអត្តពលិកចូលរួមកើនឡើងជាងឆ្នាំកន្លងទៅ។ នេះបើតាមការឱ្យដឹងពីលោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦។

លោក ហួត សេងទ្រី បន្តថា ព្រឹត្តិការណ៍នេះរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយឆ្នាំនេះមានថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន ២៦៨៩ នាក់ មកពី ២៥ រាជធានីខេត្ត។ ប្រភេទកីឡាដែលត្រូវប្រកួតមានចំនួន ១២ ប្រភេទ នៅលើ ១៣ ទីលានផ្សេងគ្នា រួមមាន៖ បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយកូនឃ្លីលើតុ ប៊ូលនិងប៉េតង់ វាយសី ចំបាប់ ល្បុក្កតោ តេក្វាន់ដូ WT ហែលទឹក និងគុនដាវ។

គួរកត់សម្គាល់ថា ឆ្នាំនេះចំនួនអត្តពលិកកុមារីចូលរួមប្រហាក់ប្រហែលនឹងកុមារា។ កីឡាករ-កីឡាការិនីទាំងអស់បានឆ្លងកាត់វគ្គជម្រុះតាមសាលារៀន និងតាមបណ្ដាខេត្តរួចមកហើយ។ គោលបំណងសំខាន់នៃការប្រកួតនេះគឺដើម្បីចម្រាញ់រកអ្នកពូកែចូលក្រុមជម្រើសជាតិថ្នាល និងក្លាយជាកីឡាករជម្រើសជាតិឈុតធំនៅថ្ងៃអនាគត។

ចំពោះការហូបចុកស្នាក់នៅ និងការដឹកជញ្ជូនគឺជាបន្ទុករបស់ក្រសួងអប់រំ យុវជននិងកីឡា។ លោក ហួត សេងទ្រី សង្ឃឹមថា ពួកគេនឹងខិតខំប្រឹងប្រែងប្រកួតអស់ពីសមត្ថភាពដើម្បីដណ្ដើមយកមេដាយត្រឡប់ទៅវិញ។
