ដើមឆ្នាំ២០២៦ នាំចេញម្រេចកម្ពុជាទទួលបានជាង ៩លានដុល្លារ កើនឡើង ៨៥%

ដើមឆ្នាំ២០២៦ នាំចេញម្រេចកម្ពុជាទទួលបានជាង ៩លានដុល្លារ កើនឡើង ៨៥%

ភ្នំពេញ៖ ការនាំចេញម្រេចរបស់កម្ពុជាក្នុងរយៈពេល ៣ខែដើមឆ្នាំ២០២៦ (មករា-មីនា) រកចំណូលបានជាង ៩លានដុល្លារ កើនឡើង ៨៥,៧៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម។

ម្រេចកម្ពុជា

កញ្ញា ពេជ្រ ចន្ទធឿន ប្រធានផ្នែកទីផ្សារសហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ បានបញ្ជាក់ថា បច្ចុប្បន្នតម្លៃម្រេចប្រហាក់ប្រហែលឆ្នាំមុន អាចលក់បានតម្លៃ ២៦០០០ រៀល (៦,៥០ដុល្លារ) ក្នុងមួយគីឡូ។

តម្លៃម្រេចកម្ពុជា

ប្រធានសមាគមសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា (CPSF) លោក ម៉ាក់ នី បានមានប្រសាសន៍ថា តម្លៃម្រេចធម្មតានៅកម្ពុជាកើនដល់ចន្លោះពី ២៥០០០-២៦០០០ រៀលក្នុងមួយគីឡូ ដោយសារតែមានការបញ្ជាទិញច្រើន ខណៈស្ដុកម្រេចលើពិភពលោកកំពុងធ្លាក់ចុះ។

ទីផ្សារម្រេចកម្ពុជា

ក្នុងមួយឆ្នាំ កម្ពុជាប្រមូលផលម្រេចបានប្រមាណ ១,៧ ម៉ឺនតោន ទៅ ២ ម៉ឺនតោនលើផ្ទៃដីជាង ៦ពាន់ហិកតា។ ទីផ្សារម្រេចកម្ពុជាភាគច្រើននាំចេញទៅវៀតណាមប្រមាណ ៨០% និងបណ្ដាប្រទេសដទៃទៀតដូចជា ចិន តៃវ៉ាន់ ថៃ ជប៉ុន កូរ៉េ និងសហគមន៍អឺរ៉ុប។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ កម្ពុជារកចំណូលបានជាង ៣១លានដុល្លារ ពីការនាំចេញម្រេច ធ្លាក់ចុះជិត ១២% បើធៀបនឹងឆ្នាំ២០២៤។ ម្រេចកម្ពុជាល្បីល្បាញដោយសារការដាំដុះធម្មជាតិ និងដីមានជីជាតិ ក្នុងនោះ ៨១% ត្រូវបានដាំដុះក្នុងខេត្តចំនួន ៣ តាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម គឺត្បូងឃ្មុំ ៤៥% មណ្ឌលគិរី ២១% និងរតនគិរី ១៥%៕

ដោយ៖ តារា

administrator

Related Articles