ជម្លោះក្រុមយុវជនភ្នំពេញ៖ មើលមុខគ្នាឌឺដង ឈានដល់វាយប្រហារ នគរបាលឃាត់ខ្លួន៤នាក់

ជម្លោះក្រុមយុវជនភ្នំពេញ៖ មើលមុខគ្នាឌឺដង ឈានដល់វាយប្រហារ នគរបាលឃាត់ខ្លួន៤នាក់

រាជធានីភ្នំពេញ៖ ក្រុមយុវជនទំនើងចំនួនពីរក្រុមបានជួបគ្នាហើយមើលមុខគ្នាឌឺដងដាក់គ្នាចុះឡើងៗ ក៏ផ្ទុះជម្លោះរហូតឈានដល់ការវាយប្រយុទ្ធគ្នាយ៉ាងស្វាហាប់ បណ្ដាលឲ្យរងរបួសស្រាលទាំងសងខាង ខណៈកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹក នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានចេញអន្តរាគមន៍ភ្លាមៗ ដោយឃាត់ខ្លួនគូទំនាស់ទាំងសងខាងបានចំនួន៤នាក់។

រូបភាពហេតុការណ៍

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២១និង៣០នាទីយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ នៅត្រង់ចំណុចមុខហាងលក់គ្រឿងអលង្ការមួយកន្លែង ស្ថិតនៅតាមផ្លូវបេតុង ភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនទំនើងដែលត្រូវនគរបាលឃាត់ខ្លួននោះ ភាគីទី១ មានគ្នា៣នាក់ រួមមាន៖ ឈ្មោះ សុខ ពិសិដ្ឋ អាយុ២២ឆ្នាំ, ឈ្មោះ ហាក់ ចឹង អាយុ២៨ឆ្នាំ, និងឈ្មោះ អ៊ិន បូណា អាយុ២៧ឆ្នាំ។ ចំណែកភាគីទី២ មានគ្នាចំនួន១០នាក់ ហើយត្រូវនគរបាលឃាត់ខ្លួនបានម្នាក់ឈ្មោះ ឌី សំណាង អាយុ១៨ឆ្នាំ។ រីឯបក្ខពួក៩នាក់ទៀតកំពុងគេចខ្លួន ដែលរួមមានឈ្មោះ ដាវ សុខលាភ, ដាវ សុខឡាង, អាដេ, អាត្រា, អាចិត្រ, អាសី និង០៣នាក់ទៀតមិនស្គាល់ឈ្មោះ។

តាមប្រភពពីនគរបាលបានឲ្យដឹងថា មុនពេលកើតហេតុ ភាគីទី១ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាវ៉េវ ពណ៌ខ្មៅ ទៅទិញបារីនៅផ្ទះលក់ចាប់ហួយជិតកន្លែងកើតហេតុ ហើយពេលទៅដល់ក៏បានឃើញភាគីទី២កំពុងអង្គុយផឹកស៊ីនៅទីនោះ។ ក្នុងនោះមានម្នាក់ឈ្មោះ ដាវ សុខលាភ ដែលជាភាគីទី២ បានស្គាល់គ្នាជាមួយឈ្មោះ អ៊ិន បូណា ហើយក៏បានចូលទៅអង្គុយផឹកស៊ីជាមួយគ្នា ដោយទុកឲ្យបក្ខរបស់ខ្លួន២នាក់ទៀតគឺឈ្មោះ សុខ ពិសិដ្ឋ និងឈ្មោះ ហាក់ ចឹង នៅអង្គុយរង់ចាំលើម៉ូតូនៅខាងក្រៅ។

កន្លែងកើតហេតុ

ក្រោយមកដោយអង្គុយចាំលើម៉ូតូយូរពេក ឈ្មោះ សុខ ពិសិដ្ឋ ក៏បានងើយមើលទៅកន្លែងវង់ផឹកស៊ីរកមើលបក្ខពួករបស់ខ្លួន ប៉ុន្តែបែរជាឃើញជនសង្ស័យឈ្មោះ ដាវ សុខលាភ ទៅវិញ ហើយអ្នកទាំង២ក៏បានសម្លឹងមើលមុខគ្នា និងឌឺដងដាក់ទៅវិញទៅមក។ ពេលនោះស្រាប់តែឈ្មោះ ដាវ សុខលាភ ស្ទុះទៅយកកាំបិតប៉័ងតោពីកន្លែងលក់ចាប់ហួយ រត់ទៅកាប់ឈ្មោះ សុខ ពិសិដ្ឋ ប៉ុន្តែត្រូវបានអ្នកជិតខាងជួយឃាត់ទាន់ និងចាប់ដកយកកាំបិតចេញ។ បន្ទាប់មកភាគីទី១ បាននាំគ្នាជិះម៉ូតូចេញពីកន្លែងនោះ។

ប៉ុន្តែគ្រាន់តែជិះចេញផុតបានចម្ងាយប្រមាណ១០ម៉ែត្រប៉ុណ្ណោះ ក៏ស្រាប់តែឈ្មោះ ដាវ សុខលាភ, ឌី សំណាង, ដាវ សុខឡាង, អាដេ, អាត្រា, អាចិត្រ, អាសី និង៣នាក់ទៀតមិនស្គាល់ឈ្មោះ បាននាំគ្នាដេញតាមវាយទៅលើភាគីទី១ ហើយភាគីទាំងពីរក៏បានវាយគ្នាទៅវិញទៅមក បណ្តាលឲ្យរងរបួសស្រាលទាំងសងខាង។ បន្ទាប់ពីទទួលបានដំណឹង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹក បានចុះធ្វើអន្តរាគមន៍ឃាត់ខ្លួនភាគីទាំងសងខាងបាន៤នាក់ ក្នុងនោះភាគីទី១បានចំនួន៣នាក់ និងភាគីទី២បាន១នាក់។ បច្ចុប្បន្នជនសង្ស័យទាំងនោះត្រូវបាននាំខ្លួនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់។

នគរបាលឃាត់ខ្លួនជនសង្ស័យ

administrator

Related Articles