អន្តរជាតិ ៖ តម្លៃមាសអន្តរជាតិបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល៣សប្តាហ៍ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ខណៈដែលតម្លៃប្រេងកើនឡើងបានធ្វើឱ្យការព្រួយបារម្ភអំពីអតិផរណាខ្ពស់ ស្របពេលដែលវិនិយោគិនកំពុងរង់ចាំការសម្រេចចិត្តសំខាន់ៗរបស់ធនាគារកណ្តាលសហរដ្ឋអាមេរិក (Fed) នៅសប្តាហ៍នេះ។

តម្លៃមាសអន្តរជាតិបានធ្លាក់ចុះ ១,១% មកនៅត្រឹម ៤ ៦២៨ ដុល្លារអាមេរិកក្នុង១អោន ឬ ៥ ៥៧៥ ដុល្លារក្នុង១តម្លឹង គិតត្រឹមម៉ោង ១២:៥៣ នាទីរសៀល (ម៉ោងនៅកម្ពុជា) ដែលជាកម្រិតទាបបំផុត ចាប់តាំងពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦។
មន្ត្រីអាមេរិកម្នាក់បាននិយាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) មិនពេញចិត្តយ៉ាងខ្លាំងនឹងសំណើចុងក្រោយរបស់អ៊ីរ៉ង់ សម្រាប់កិច្ចព្រមព្រៀងសន្តិភាព ដែលធ្វើឱ្យក្តីសង្ឃឹមសម្រាប់ដំណោះស្រាយជម្លោះជាប់គាំងបន្តទៀត។ ប្រាក់ដុល្លារអាមេរិកបានកើនឡើងខ្ពស់ ហើយតម្លៃប្រេងឆៅអន្តរជាតិបានឡើងខ្ពស់ជាង ១១០ ដុល្លារក្នុង១បារ៉ែល ដោយសារតែផ្លូវទឹកដឹកជញ្ជូនដ៏សំខាន់នៃច្រកសមុទ្រហ័រមូស (Hormuz) នៅតែបិទភាគច្រើន។
តម្លៃប្រេងឆៅខ្ពស់អាចជំរុញអតិផរណា ដោយបង្កើនថ្លៃដើមដឹកជញ្ជូន និងផលិតកម្ម រួមទាំងបង្កើនលទ្ធភាពអត្រាការប្រាក់ខ្ពស់ ខណៈពេលដែលមាសត្រូវបានគេចាត់ទុកថាជាខែលការពារហានិភ័យពីអតិផរណា ប៉ុន្តែអត្រាការប្រាក់ខ្ពស់ធ្វើឱ្យទ្រព្យសកម្មដែលផ្តល់ផលចំណេញដូចជា ប្រាក់បញ្ញើជាដើម មានភាពទាក់ទាញជាងមាស។ Fed ត្រូវបានគេរំពឹងទុកយ៉ាងទូលំទូលាយថា នឹងរក្សាអត្រាការប្រាក់ឱ្យនៅថេរនៅចុងកិច្ចប្រជុំរយៈពេល២ថ្ងៃរបស់ខ្លួន នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ស្របពេលដែលវិនិយោគិនក៏នឹងផ្តោតលើការសម្រេចចិត្តពីធនាគារកណ្តាលអឺរ៉ុប ធនាគារអង់គ្លេស និងធនាគារកាណាដាផងដែរ៕
