រាជធានីភ្នំពេញ៖ ជនសង្ស័យចំនួន៤នាក់ ជិះម៉ូតូ៣គ្រឿង បានឆក់កាបូបពីបុរសជនជាតិកូរ៉េ និងស្ត្រីជនជាតិជប៉ុន ដែលកំពុងដើរផ្សព្វផ្សាយគម្ពីរព្រះយេស៊ូវគ្រិស្ដ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១០ព្រឹក នៅតាមផ្លូវទំនប់៧មករា ភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ ។

ក្រោយឆក់បានសម្រេច ជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់អស់រយៈពេល៤ថ្ងៃ។ លោកវរៈសេនីយ៍ឯក ជឹម ស៊ីថា អធិការរងនគរបាលខណ្ឌដង្កោ បានបញ្ជាកម្លាំងឲ្យស្រាវជ្រាវយ៉ាងដុតដៃដុតជើង រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន៣នាក់ នៅថ្ងៃទី២៧ ខែមេសា វេលាម៉ោង១៣និង៣០នាទី ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនរួមមាន៖ ១- ឈ្មោះ អាង ស៊ីវម៉ង់ ហៅ ម៉ង់ អាយុ១៨ឆ្នាំ ជាងជួសជុលទូរស័ព្ទ (ប្រើគ្រឿងញៀន) ២- ឈ្មោះ ម៉ឺន ចំរើនរិទ្ធី អាយុ២៦ឆ្នាំ (ប្រើគ្រឿងញៀន) និង ៣- ឈ្មោះ សេង លាង អាយុ២៤ឆ្នាំ កម្មកររោងចក្រ (ប្រើគ្រឿងញៀន)។ បក្ខពួកម្នាក់ទៀតកំពុងគេចខ្លួន ។

នគរបាលដកហូតបានវត្ថុតាងរួមមាន៖ ទូរស័ព្ទដៃចំនួន១៥គ្រឿង, ក្រាមពណ៌សថ្លា០១កញ្ចប់, ម៉ូតូ០២គ្រឿង, កងដៃ០៧កង និងខ្សែដៃ០២ខ្សែ។

ជនរងគ្រោះទាំងពីរនាក់គឺ៖ SUN MINYOUNG ជនជាតិកូរ៉េ អាយុ៥៣ឆ្នាំ និង KANAKO MASUDA ជនជាតិជប៉ុន អាយុ៤២ឆ្នាំ ។ ពួកគាត់បានបាត់បង់ អាយផេត០១គ្រឿង, កាតគ្រីរថយន្ត០១សន្លឹក, ប្រាក់៦០ដុល្លារ និង១០០,០០០រៀល ។

នគរបាលបានឲ្យដឹងថា ជនសង្ស័យបានសារភាពថាពិតជាបានធ្វើសកម្មភាពឆក់កាបូបប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ។

