កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ បានឃាត់ខ្លួនបុរស២នាក់ ក្នុងនោះមានមេខ្លោងម្នាក់ ពីបទញុះញង់ប្រមូលផ្តុំដោយខុសច្បាប់ និងប្រើហិង្សាក្នុងពេលតវ៉ានៅមុខធនាគារជាតិនៃកម្ពុជា។

ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២៧ ខែមេសា វេលាម៉ោង ៧:៣០ព្រឹក នៅតាមផ្លូវហាណូយ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ តាមប្រភពពត៌មានបានឲ្យដឹងថា អ្នកតវ៉ាទាំងនោះសុទ្ធតែជាអតិថិជនក្រុមហ៊ុន ហួយវ័ន ដែលបានមកប្រមូលផ្តុំដាក់សម្ពាធឲ្យធនាគារជាតិដោះស្រាយការសងប្រាក់វិញ។

ទោះបីជាអាជ្ញាធរបានហាមឃាត់ជាច្រើនដងក៏ដោយ ក៏ក្រុមបាតុករមិនព្រមស្តាប់ ថែមទាំងប្រើអំពើហិង្សាលើសមត្ថកិច្ច ទើបបង្ខំឲ្យកម្លាំងអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ។ ជនដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ សួន សុវណ្ណថៃ អាយុ ៤០ឆ្នាំ និង វ៉ាត់ មករា អាយុ ៣៧ឆ្នាំ ជាជនជាតិខ្មែរ។

ក្នុងចំណោមអ្នកតវ៉ាជាង ១០០នាក់ មានទាំងជនជាតិខ្មែរ និងបរទេស។ សមត្ថកិច្ចបញ្ជាក់ថា ការបិទផ្លូវសាធារណៈដោយខុសច្បាប់នេះ បានបង្កការរំខានដល់សណ្តាប់ធ្នាប់សាធារណៈ។

គួរបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជាធ្លាប់បានចេញសេចក្តីជូនដំណឹងពីមុនមកថា ក្រុមហ៊ុន ហួយវ័ន ផេ លែងស្ថិតក្រោមការត្រួតពិនិត្យរបស់ធនាគារជាតិទៀតហើយ។ បុគ្គលដែលរងគ្រោះអាចទៅចុះឈ្មោះផ្តល់ព័ត៌មានជូនក្រុមហ៊ុនកំពុងជម្រះបញ្ជី។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ កំពុងត្រូវបានសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តតាមនីតិវិធីច្បាប់៕
