កម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ បានធ្វើការឃាត់ខ្លួនក្រុមសន្តិសុខក្រុមហ៊ុនចំនួន ៥ នាក់ ក្រោយពីបានប្រើប្រាស់ហិង្សាដោយចេតនា (ប្រើឧបករណ៍ឆក់) ទៅលើប្រជាកសិករម្នាក់ បណ្ដាលឲ្យរងរបួសត្រង់ពោះ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៥:២០នាទី ថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៦ នៅចំណុចចំណបរកា ភូមិទោង ឃុំរលួសមានជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។

ជនរងគ្រោះឈ្មោះ គឿន គេង ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិទោង (រងរបួសត្រង់ពោះខាងស្តាំ)។ ជនសង្ស័យជាសន្តិសុខក្រុមហ៊ុន ហ្គ្រេតវ៉ែនឌើ អេហ្គ្រីខលឈើរ័ល រួមមានឈ្មោះ រុន ឌឿន (អាយុ ៥៩ឆ្នាំ ប្រធានសន្តិសុខ), ហឿង ប៊ុណា (៣៧ឆ្នាំ), ទី វ៉ាន់ណា (៤២ឆ្នាំ), ពឿន ប្រុស (២៩ឆ្នាំ) និង ហឿង ប៊ុនថា (៣៧ឆ្នាំ)។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានយកម៉ាស៊ីនត្រង់ស៊ីណ័រទៅកាត់អូសរើរានចម្ការនៅក្រោយផ្ទះរបស់ខ្លួន។ ខណៈនោះ ក្រុមសន្តិសុខទាំង ៥ នាក់ ដឹកនាំដោយឈ្មោះ រុន ឌឿន ដែលកំពុងដើរល្បាតក៏បានចូលទៅចាប់យកម៉ាស៊ីនត្រង់ស៊ីណ័រពីជនរងគ្រោះ រហូតកើតមានការឈ្លោះប្រកែក និងប្រតាយប្រតប់គ្នា។

ក្នុងអំឡុងពេលប្រតាយប្រតប់គ្នានោះ ឈ្មោះ រុន ឌឿន បានប្រើដំបងឆក់មានគ្រាប់បាញ់ទៅលើជនរងគ្រោះចំនួន ០២គ្រាប់ចំចង្កេះខាងស្តាំ បណ្ដាលឲ្យរងរបួស។ ភ្លាមៗនោះ ប្រជាពលរដ្ឋនៅក្បែរខាងបានជួយអន្តរាគមន៍ បញ្ជូនជនរងគ្រោះទៅដកគ្រាប់ចេញនៅមណ្ឌលសុខភាព និងបានដាក់ពាក្យបណ្ដឹងទៅកាន់អធិការដ្ឋាននគរបាលស្រុក។

ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុដើម្បីស្រាវជ្រាវ និងប្រមូលភស្តុតាង រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង ៥ នាក់ យកមកសាកសួរ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់៕
អត្ថបទ៖ ប្រុញ វិធិន
